(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសបន្ថែមពីព័ត៌មានលម្អិតស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ខែមុន។ ទីក្រុងកង់បេរ៉ានឹងអាចទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក បានរហូតដល់៥គ្រឿង ហើយបន្ទាប់ មកនឹងអភិវឌ្ឍនាវាមុជទឹកម៉ូដែលថ្មីមួយ ដោយប្រើបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស នៅក្រោមផែនការសំដៅពង្រឹងសាច់ដុំរបស់លោកខាងលិច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះមុខកើនឡើង​ឥទ្ធិពលរបស់ចិន។

រុស្ស៉ី ជាពិសេសគឺចិន បានចេញមុខរិះគន់ភ្លាមៗទៅលើសម្ព័ន្ធមិត្តទាំង៣នេះ ថាកំពុងនាំឱ្យមានការរត់ប្រណាំងសព្វាវុធ ហើយថាកិច្ចព្រមព្រៀងនាវាមុជទឹករបស់ពួកគេ គឺជាឧទាហរណ៍ជាក់​ស្តែងទូទៅមួយនៃផ្នត់គំនិត បែបសម័យសង្រ្គាមត្រជាក់ ដែលនឹងបង្កហានិភ័យធ្ងន់ធ្ងរនៃការរីកសាយនុយក្លេអ៊ែរ និងរំលោភលើ​គោលបំណងនិងកម្មវត្ថុនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយនុយក្លេអ៊ែរ។ ប៉ុន្តែថាតើអ្វីទៅជាសមាសធាតុសំខាន់នៃ កិច្ចព្រមព្រៀងនេះ ហើយថាតើវានឹងមានន័យដូចម្ដេចចំពោះចិន?

នៅក្រោមកិច្ចព្រមព្រៀងខាងលើ ចាប់ពីឆ្នាំ២០២៧តទៅ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងត្រូវបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរក្នុងចំនួនតិចតួច ​ឱ្យទៅឈរជើងនៅឯទីក្រុងកំពង់ផែ Perth ស្ថិតនៅក្នុងរដ្ឋ Western Australia នៃតំបន់ឆ្នេរភាគខាងលិចប្រទេសអូស្ត្រាលី មុននឹងទីក្រុងកង់បេរ៉ានឹងអាចទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក ធុន Virginia ៣គ្រឿងនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ជាមួយ ជម្រើសទិញបន្ថែម២គ្រឿងទៀត។ បន្ទាប់មក អូស្រ្តាលីនឹងអភិវឌ្ឍនាវាមុជទឹកម៉ូដែលថ្មីមួយ ដោយប្រើបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស ដែលនេះធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសទី៣ បន្ទាប់ពីចក្រភពអង់គ្លេសដែល ទទួលបានបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក។ តំបន់ឆ្នេរភាគខាងលិចប្រទេសអូស្ត្រាលីស្ថិតនៅឆ្ងាយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៏ តែស្ថិតនៅកៀកចិន ហើយគួរឱ្យកត់សម្គាល់ នោះគឺក្នុង កិច្ចព្រមព្រៀងនេះមិនមាននិយាយពីការបំពាក់អាវុធនុយក្លេអ៊ែរនោះទេ ដោយផ្តោតតែទៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ។

កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS នឹងផ្ដល់ឱ្យអូស្ត្រាលីនូវសមត្ថភាពប្រើរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផលិតជាកម្លាំងរុញ និងសមត្ថភាពភស្ដុភារសម្រាប់នាវាចម្បាំង។ តែទោះជាមិនមានបំពាក់អាវុធនុយក្លេអ៊ែរ ក៏ពិតមែន ក៏វានៅតែជួយអូស្ត្រាលីបង្កើនសមត្ថភាពធ្វើប្រតិបត្តិការនៅក្រោមបាតសមុទ្រយ៉ាងល្អប្រសើរដដែល ក្រោមហេតុផល៣យ៉ាង។ «ជាលក្ខណៈយុទ្ធសាស្ត្រ»៖ នាវាមុជទឹកនុយក្លេអ៊ែរប្រើបច្ចេកវិទ្យាអាមេរិក ដ៏មានឥទ្ធិពលនេះ នឹងនាំមកនូវសមត្ថភាពប្រយុទ្ធយ៉ាងសំខាន់សម្រាប់មហាអំណាចលោកខាងលិច នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បានន័យថាខណៈចិនកំពុងពង្រឹងការគ្រប់គ្រង ឬការអះអាងពីអធិបតេយ្យរបស់ ខ្លួនលើតំបន់ដែនទឹកជម្លោះ ការបង្កើនសមត្ថភាពវាយប្រហារដោយប្រើនាវាមុជទឹកនុយក្លេអ៊ែរពីសំណាក់សម្ព័ន្ធមិត្តទាំង៣ អាចនឹងរារាំងសមត្ថភាពរបស់ចិនក្នុងការអនុវត្តការទាមទារអធិបតេយ្យ ហើយវាក៏អាចនឹង ក្លាយជាឧបសគ្គធំសម្រាប់កងទ័ពជើងទឹកចិននៅក្នុងតំបន់ផងដែរ។

ដោយឡែក ជា «លក្ខណៈប្រតិបត្តិការ» សមត្ថភាពនាវាមុជទឹកនុយក្លេអ៊ែរនេះដែរ នឹងជួយពង្រឹងសមត្ថភាពបន្ថែម ក៏ដូចជាផ្ដល់ការគំាទ្រពីក្រោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រតិបត្តិការនាវាចម្បាំង នាវាពិឃាដ រួមទាំង នាវាផ្ទុកយន្ដហោះចម្បាំង នៅទូទាំងតំបន់សមុទ្រចិនខាងត្បូង។ វាមិនត្រឹមតែជួយរុញច្រានការទាមទារគ្រប់គ្រងដែនទឹករបស់ចិន និងពង្រឹងប្រតិបត្តិការល្បាតនាវាចរណ៍ដោយសេរីដែលជាគោលការណ៍ដ៏សំខានដែល បដិសេធទៅនឹងការទាមទាររបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយដល់សហរដ្ឋអាមេរិកក្នុងការធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ ក្នុងករណីសង្រ្គាមផ្ទុះឡើងផងដែរ។ ពីព្រោះក្រុមនាវាចម្បាំងដោយមានការគាំទ្រពី នាវាមុជទឹកនុយក្លេអ៊ែរ អាចនឹងកាន់តែងាយស្រួលធ្វើប្រតិបត្តិការនៅទូទាំងតំបន់ប៉ាស៊ីហ្វិកទាំងមូល និងមហាសមុទ្រឥណ្ឌា។

ចុងក្រោយគេបំផុត កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ចង់បញ្ជូនសារយុទ្ធសាស្ត្រដ៏សំខាន់មួយទៅកាន់ចិន នោះគឺ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីកំពុងធ្វើកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់ បំផុតលើយុទ្ធសាស្ត្រការពារជាតិ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ នឹងបង្កើតជាលក្ខខណ្ឌទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាប្រទេសដទៃដូចជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើមដែល់សុទ្ធសឹងតែ កំពុងយកភ្នែកសម្លឹងមើលទៅបច្ចេកវិទ្យាទំនើបៗបែបនេះ ខណ​​ៈវានឹងជំរុញលើកទឹកចិត្តដល់សម្ព័ន្ធមិត្តដទៃរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក ដូចជាហ្វីលីពីន និងថៃ ឱ្យបន្តរក្សាទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក នៅក្នុងតំបន់។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀងត្រីភាគីនេះទៀតសោត ក៏ជាសារមួយកំញើញចិនផងដែរ។ ក្រុមមន្ត្រីចិនបានរិះគន់យ៉ាងខ្លាំងលើកិច្ចព្រមព្រៀង AUKUS ដោយចាត់ទុកថាវាជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ឡោមព័ទ្ធ និងគ្រប់គ្រងចិន»។ ដ្បិតខណៈកំពុងសម្លឹងមើលទៅទិសខាងកើត ចិនមិនត្រឹមតែកំពុងផ្ដោតទៅលើកិច្ចព្រមព្រៀងនាវមុជទឹកនុយក្លេអ៊ែរនេះតែប៉ុណ្ណោះទេ តែទីក្រុងប៉េកាំងក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដែរលើ កិច្ចព្រមព្រៀងយោធារវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ការបង្កើនកញ្ចប់ថវិកាយោធារបស់ជប៉ុន និងការបង្កើតមូលដ្ឋានទ័ពជើងទឹកអាមេរិកថ្មីនៅលើកោះហ្គាំ។ ដូច្នេះស្របពេលនាវាមុជទឹកនុយក្លេអ៊ែរ នឹងត្រូវប្រើពេល រាប់ទសវត្សរ៍ដើម្បីអាចធ្វើប្រតិបត្តិការយ៉ាងពេញលេញ នោះចាប់ពីពេលនេះតទៅ ចិននឹងត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងថាតើត្រូវជ្រើសរើសធ្វើសកម្មភាពលើតៃវ៉ាន់ ឱ្យបាននាវាមុជទឹកថ្មីបង្ហាញខ្លួនជាផ្លូវការ ដែរឬក៏យ៉ាងណា? ក៏ប៉ុន្តែ លោក ស៊ី ជិនពីងគឺជាមនុស្សប្រយ័ត្នប្រយែងម្នាក់ ដោយលោកនឹងបញ្ចេញប្រតិកម្មដោយប្រើកម្លាំងយោធានៅក្នុងស្ថានភាពបណ្ដោះអាសន្នមួយនោះទេ ហើយក្នុងរយៈពេលខ្លី ប្រតិកម្មតបត របស់ចិនអាចជាបង្កើតកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ ដើម្បីអាចរក្សាតុល្យភាពអំណាចក្នុងតំបន់៕