(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញគំរូទីមួយនៃឈុតអវកាសជំនាន់ថ្មី ដែលរចនាឡើង​ជាពិសេស សម្រាប់អវកាសយានិកក្រុមដំបូង ដែលនឹងត្រូវត្រឡប់ទៅជាន់លើផ្ទៃព្រះចន្ទសាឡើងវិញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

គំរូនៃឈុតសម្លៀកបំពាក់អវកាសខាងលើ ត្រូវបានតាំងបង្ហាញនិងធ្វើបទបង្ហាញ នៅឯមជ្ឈមណ្ឌលអវកាស ចនសុន ក្នុងទីក្រុងហ៊ូស្តុន (Houston) កំលុង​ព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងសម្រាប់ក្រុមអ្នកសារព័ត៌មាននិងសិស្ស-និស្សិត ដោយ អាស៉ីអូ ស្ពេស (Axiom Space) ជាក្រុមហ៊ុនមានមូលដ្ឋាននៅ​រដ្ឋតិចសាស់ ដែលត្រូវទទួលបានកិច្ចសន្យាពី NASA ដើម្បីអភិវឌ្ឍឈុតអវកាស សម្រាប់អាទីមីស (Artemis) ដែលជាកម្មវិធីបេសកកម្មឋានព្រះចន្ទថ្មី បន្ទាប់ពីកម្មវិធី អាប៉ូឡូ (Apollo)។

បេសកកម្ម Artemis I ដែលជាការសម្ពោធប្រព័ន្ធរ៉ុក្កែតអវកាស SLS និងយានអវកាស Orion ជំនាន់ថ្មីរបស់ NASA នៅក្នុងបេសកកម្មសាកល្បងមួយ ដោយគ្មានអវកាសយានិក ឆ្ពោះទៅនិងត្រឡប់មកពីឋានព្រះចន្ទ បានបញ្ចប់ដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២២។ NASA និងទីភ្នាក់ងារអវកាស​របស់កាណាដា កំពុងត្រៀមប្រកាសនៅថ្ងៃទី៣ ខែមេសា អំពីសមាសភាពអវកាសយានិក៤រូប ដែលត្រូវបានជ្រើសរើសសម្រាប់បេសកកម្ម Artemis II ដែលគ្រោងធ្វើឡើងកំលុងចុងឆ្នាំក្រោយ។

បេសកកម្ម Artemis II ក៏ដូចជាបេសកកម្ម Artemis I ដែរ គឺនឹងមិនទាន់មានការចុះចតនៅលើផ្ទៃព្រះចន្ទទេ។ ប៉ុន្តែប្រសិនបើ Artemis II ជោគជ័យនោះ វានឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យក្រុមអវកាសយានិកនៃគម្រោងបេសកកម្ម Artemis III ធ្វើដំណើរទៅដល់លើផ្ទៃព្រះចន្ទជាថ្មីម្តងទៀត គិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០មក និងជាលើកដំបូងនៅប៉ូលខាងត្បូងរបស់​ព្រះចន្ទ។

គួរបញ្ជាក់ថា អវកាសយានិក NASA ចំនួន១២រូប ធ្លាប់បានដើរនៅលើព្រះចន្ទ កំលុងបេសកកម្ម Apollo សរុបចំនួន៦ កាលពីចន្លោះឆ្នាំ១៩៦៩-ឆ្នាំ១៩៧២។ ខណៈគំរូឈុតអវកាសថ្មីដែលត្រូវបានបង្ហាញខាងលើ មានពណ៌ប្រផេះក្រម៉ៅលាយខៀវនិងទឹកក្រូចក៏ដោយ ក្រុមហ៊ុន Axiom Space បានអះអាងថា ឈុតដែលក្រុមអវកាសយានិក ​នឹងពាក់ពេលដើរនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ នឹងមានពណ៌ស ដោយសារតែវាគឺជាពណ៌ល្អបំផុត ដើម្បីបំផ្លាតពន្លឺព្រះអាទិត្យ ដែលជះខ្លាំងមកលើផ្ទៃព្រះចន្ទះ ហើយការពារពួកគេពីកម្តៅកម្រិតខ្ពស់។ ឈុតអវកាសរបស់ក្រុមហ៊ុន Axiom Space នឹងអនុញ្ញាតឱ្យអវកាសយានិកធ្វើចលនា​បានច្រើនបែបជាងមុន ហើយមិនថាអវកាសយានិកជាបុរសឬនារី ឬក៏មានទំហំខ្លួនខុសៗពីគ្នានោះទេ គឺសុទ្ធតែអាចស្លៀកវាបានដោយគ្មានបញ្ហា។

ដោយឡែក ក្រៅពីក្រុមហ៊ុនរដ្ឋតិចសាស់មួយនេះ ទីភ្នាក់ងារអវកាសអាមេរិក ក៏បានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុនមួយទៀតឈ្មោះថា ខូលលីន អ៊ែរ៉ូស្ពេស (Collins Aerospace) នៃទីក្រុងឆាឡុត (Charlotte) រដ្ឋការ៉ូលីណាខាងជើង ដើម្បីប្រកួតប្រជែងបង្កើតឈុតអវកាសនាពេលអនាគត សម្រាប់ប្រើប្រាស់នៅលើផ្ទៃ​ព្រះចន្ទ ក៏ដូចជាកំលុងការចេញបំពេញបេសកកម្មនៅក្រៅស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ៕