(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុននិងកូរ៉េខាងត្បូងបានប្រកាសពី ការបន្ធូរបន្ថយការរឹតត្បិតផ្នែកពាណិជ្ជកម្ម ព្រមទាំងការវិលត្រឡប់មកវិញ នូវការទូតពឹងផ្អែកលើអន្តរការី ក៏ដូចជាការបំពេញទស្សនកិច្ចទៅវិញទៅមករវាងមេដឹកនាំប្រទេសទាំងពីរ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា កំលុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយ ដើម្បីកសាងទំនាក់ទំនងឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកប្រធានាធិបតីកូរ៉េខាងត្បូង និងលោកនាយករដ្ឋមន្រ្តីជប៉ុន ធ្លាប់បានជួបគ្នារួចមកហើយ នៅក្រៅព្រឹត្តិការណ៍អន្តរជាតិមួយចំនួន ប៉ុន្តែជំនួបនៅថ្ងៃនេះក្នុងទីក្រុងតូក្យូរបស់ជប៉ុន គឺជាកិច្ចប្រជុំកំពូលពេញលេញរវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងរយៈពេល១២ឆ្នាំមកនេះ។ លោក យូន បាននិយាយដូច្នេះថា «ក្នុងកិច្ចប្រជុំកំពូលថ្ងៃនេះ ខ្ញុំជឿជាក់ថា នឹងមានការពិភាក្សាប្រកបដោយផ្លែផ្កា ដែលអាចប្រែក្លាយទំនាក់ទំនងកូរ៉េ-ជប៉ុន ដែលបានស្ថិតក្នុងសភាពជាប់គាំង ឱ្យទៅជាទំនាក់ទំនងមួយ ពោរពេញដោយកិច្ចសហប្រតិបត្តិការ និងផ្តល់ការអភិវឌ្ឍដ៏មានអត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក»

ចំណែកលោក គីស៉ីដា វិញ បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការបន្តឡើងវិញ នូវការទូតដែលពឹងផ្អែកលើអន្តរការី ហើយនិងការបំពេញ​ទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ដោយមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង និងមិនប្រកាន់ពីទម្រង់នៃដំណើរទស្សនកិច្ចឡើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន វាអាចរួមមានលទ្ធភាពលោក គីស៉ីដា អញ្ជើញលោក យូន ឱ្យចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៉ីរ៉ូស៉ីម៉ា នៅខែឧសភាខាងមុខ ហើយបន្ទាប់មកលោកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ជាដើម។

គួរបញ្ជាក់ថា រាប់ឆ្នាំមកហើយជប៉ុននិងកូរ៉េខាងត្បូងបានជាប់គាំង ក្នុងជម្លោះប្រវត្តិសាស្រ្តដ៏រ៉ាំរ៉ៃ ដែលបន្សល់ទុកមកតាំងពីសម័យសង្រ្គាម។ ប៉ុន្តែចាប់តាំងពីជាប់ឆ្នោតកាលពី​ឆ្នាំ២០២២មក លោក យូន ស៊ុកយុល បានបង្ហាញច្បាស់ថា ការជួសជុលទំនាក់ទំនងជាមួយជប៉ុន គឺជាអាទិភាពចម្បងនៃគោលនយោបាយរបស់រដ្ឋាភិបាលលោក។ ថ្មីៗនេះ ទីក្រុងសេអ៊ូលទើបតែបានប្រកាសពីផែនការ ដើម្បីផ្តល់សំណងដល់ប្រជាជនខ្លួន ដែលជាជនរងគ្រោះនៃការរប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ កាលពីសម័យ​អាណានិគមជប៉ុន ដោយពុំមិនពាក់ព័ន្ធជាមួយទីក្រុងតូក្យូឡើយ។ រីឯនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងពាណិជ្ជកម្មជប៉ុនបានឱ្យដឹងថា ខ្លួននឹងលុបចោលវិញការរឹតត្បិតការនាំចេញវត្ថុធាតុដើម សម្រាប់ឧស្សាហកម្មបន្ទះឈីប ទៅកាន់កូរ៉េខាងត្បូង ហើយទីក្រុងសេអ៊ូលបាននិយាយថា ខ្លួននឹងដក​ពាក្យបណ្តឹងដែលបានដាក់ទៅកាន់អង្គការ WTO៕