(សេអ៊ូល)៖ មេដឹកនាំប្រទេសកូរេខាងត្បូង និងជប៉ុន បានជួបគ្នាជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ ដែលជំនួបនោះត្រូវគេរាយការណ៍ថាដើម្បីស្វែងរកយុទ្ធសាស្ត្រទប់ទល់ជាមួយ នឹងគ្រោះគំរាមកំហែងក្នុងតំបន់។ ប្រទេសជប៉ុន និងកូរេខាងត្បូង បានចាត់ទុកកូរេខាងជើង ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសចិន គឺជាគ្រោះគំរាមកំហែងមួយក្នុងតំបន់។ ប៉ុន្តែនៅច្រើន ម៉ោងមុនជំនួបរវាង មេដឹកនាំទាំង២គ្រោងនឹងធ្វើក្នុងក្រុងតូក្យូនោះ កូរេខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបធ្លាក់ក្នុងដែនទឹកចន្លោះប្រទេសជប៉ុននិងឧបទ្វីបកូរ៉េ។

កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់ទៀតចូលទៅក្នុងដែនទឹកភាគខាងកើត ដែលការបាញ់នេះបានធ្វើនៅប៉ុន្មានម៉ោង មុនពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវធ្វើដំណើរតាមជើង យន្តហោះទៅកាន់ប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូលមួយរវាងប្រទេសទាំងពីរ ក្នុងស្ថានភាពដែលក្រុមនៃប្រទេសជាសម្ព័ន្ធមិត្តកំពុងរកការចងសំបាច់គ្នាប្រឆាំងនឹងប្រទេសចិននិងកូរេខាងជើង ដែលគេ បានចាត់ទុកថាជាគ្រោះគំរាមកំហែងសន្តិសុខក្នុងតំបន់។

បញ្ជាការដ្ឋានសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦មីនា ថាក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប Inter-Continental Ballistic Missile ដែលគេហាមឃាត់។ ការបាញ់មួយគ្រាប់នៅថ្ងៃព្រហស្បតិ៍នេះទៀត បាននាំឱ្យចំនួនគ្រាប់មីស៊ីលដែលកូរេខាងជើងបានបាញ់មានចំនួន៥គ្រាប់ហើយ ក្នុងរយៈពេល៤ថ្ងៃមកនេះ។ មន្ត្រីយោធាកូរេខាងត្បូបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថាមីស៊ីល ICBM បានហោះ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ បន្ទាប់ពីបានបាញ់ចេញពីរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងនៅម៉ោងប្រមាណ ៧៖១០នាទីព្រឹក។ មីស៊ីលICBM នោះ បានហោះចម្ងាយប្រមាណ ១,០០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងដែនទឹកចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។

ការបាញ់មីស៊ីលរបស់កូរេខាងជើងនេះ ក៏ត្រូវប្រទេសជប៉ុនបានចេញការព្រមាននិងដាស់ តឿនភ្លាមៗដល់បណ្តានាវារបស់ជប៉ុនឲ្យប្រុងប្រយ័ត្នចំពោះគ្រាប់ដែលនឹងត្រូវធ្លាក់ចុះមកខាងក្រោម។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បាននិយាយថា មីស៊ីល ICBM នោះ បានធ្លាក់ក្នុងដែនទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន បន្ទាប់ពីបានហោះលើអាកាសប្រហែល មួយម៉ោង។ ការបាញ់ថ្ងៃព្រហស្បតិ៍នេះគឺជាការបាញ់បង្ហោះមីស៊ីល ICBM លើកដំបូងរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលមួយខែមកនេះ ប៉ុន្តែការបាញ់នេះត្រូវគេកត់សម្គាល់ថាបានអនុវត្តតាមព្រឹត្តិការណ៍ បាញ់មីស៊ីលជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ដែលនៅចំពេលមានសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងកងកម្លាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងតែបន្តនៅលើដែនសមុទ្ទ។

ការបាញ់មីស៊ីល ICBM នេះបានធ្វើនៅច្រើនម៉ោងមុនជំនួបកំពូលមួយរវាងប្រធានាធិបតីកូរេ ខាងត្បូងលោក Yoon Suk-yeol ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្នុងក្រុងតូក្យូដែលជា ជំនួបលើកដំបូងនៃមេដឹកនាំកំពូលទាំង២ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ការបាញ់មីស៊ីល ICBM របស់កូរេខាងជើងនោះ មិនបានបន្ទុកបង្អាក់ដំណើររបស់ប្រធានាធិបតីកូរ៉េខាងត្បូងនោះឡើយ។

មុនពេលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ លោក Yoon Suk-yeol បានកោះប្រជុំសន្តិសុខជា បន្ទាន់មួយស្តីពីការបាញ់មីស៊ីលគំរាមរបស់កូរេខាងជើងនេះ។ លោកបានណែនាំយោធាកូរ៉េខាងត្បូងត្រូវបន្តធ្វើ សមយុទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក ដូចដែលបានគ្រោងទុកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសម្រាប់ប្រទេសទាំងបី គឺកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ លោកប្រធានាធិបតី បាននិយាយថ្កោលទោសលើការបាញ់មីស៊ីលនោះ និងបញ្ជាក់ថា «ការបង្កហេតុដោយគ្មានកោតក្រែងរបស់កូរេខាងជើង គឺក្រុងព្យុងយ៉ាង ត្រូវតែបង់ថ្លៃវិញយ៉ាងច្បាស់លាស់»

នៅឯទីក្រុងតូក្យូនោះវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida បាននិយាយថា «យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមសម្ព័ន្ធមិត្ត និងប្រទេសណាដែលមានគំនិតដូចគ្នា»។ លោកមិន បានធ្វើអត្ថាធិប្បាយអំពីចេតនាបាញ់មីស៊ីលរបស់កូរេខាងជើងនោះទេ។ ក្នុងសប្តាហ៍នេះ កូរេខាងជើង បានបាញ់មីស៊ីល Cruise ចេញពីនាវាមុជទឹកក្រោមបាតសមុទ្ទរបស់ខ្លួន និងបានបាញ់មីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លីសម្តៅទៅគោលដៅក្នុងសមុទ្រភាគខាងកើត។ ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរេខាងជើងនេះ គឺនៅក្រោយពេលដែលមេដឹកនាំលោកគីម ជុងអ៊ុន បានបញ្ជាឱ្យយោធាធ្វើការត្រៀមខ្លួនដើម្បី បណ្តេញនូវអ្វីដែលលោក បានចាត់ទុកថាជា «សកម្មភាពរៀបចំសង្គ្រាមដ៏គួរឱ្យខ្លាចរបស់សត្រូវកូរេខាងជើង»។ សកម្មភាពដែលកូរេខាងជើងបានកំណត់ជាគោលដៅដើម្បីត្រៀមធ្វើការប្រឆាំងនោះ គឺការ ធ្វើសមយុទ្ធរួមគ្នាមួយរវាងកូរេខាងត្បូងនិងសហរដ្ឋអាមេរិក។ សមយុទ្ធឈ្មោះ Freedom Shield ឬ ខែលនៃសេរីភាព បាននិងកំពុងធ្វើប្រមាណ៣ថ្ងៃរួចមកហើយក្នុងគោលបំណងទប់ស្កាត់នូវអ្វីដែលគេ ចាត់ទុកថាជាអំពើគំរាមកំហែងរបស់កូរេខាងជើងនោះ។ សមយុទ្ធ Freedom Shield នឹងត្រូវបញ្ចប់នៅថ្ងៃទី ២៣ ខែមីនា។

សហរដ្ឋអាមេរិកនៅជាមួយគ្នានេះដែរ បានថ្កោលទោសដល់កូរេខាងជើងជុំវិញការបាញ់មីស៊ីល ICBM នៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ស្រី Adrienne Watson បានថ្លែងថាសកម្មភាពរបស់កូរេខាងជើងបានបង្កភាពតានតឹងក្នុងតំបន់។

តើជំនួបកំពូលជប៉ុននិងកូរ៉េខាងត្បូងនឹងស្វែងរកកម្លាំងប្រឆាំងចិននិងកូរេខាងជើងដែរឬទេ?

ជំនួបនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរេខាងត្បូង បានទន្ទឹមនឹងស្ថានការណ៍ដែលក្រុមសម្ព័ន្ធ AUKUS កំពុងតែពង្រឹងកម្លាំងប្រឆាំងនឹងប្រទេសចិននិងកូរេខាងជើងដែលគេបានចាត់ទុកថាជាប្រទេស គំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងពិភពលោក។ ប៉ុន្តែចំពោះ ប្រទេសចិនវិញ ក្រុមសម្ព័ន្ធ AUKUS ដែលរួមមានប្រទេសអូស្ត្រាលី, អង់គ្លេស និងសហរដ្ឋអាមេរិក គឺជាក្រុមសម្ព័ន្ធ ដែលបង្កើតឡើងដើម្បីការ ចង់ពង្រីកឥទ្ធិពលរបស់មហាអំណាចសហរដ្ឋអាមេរិកក្នុងដែនឥណ្ឌូប៉ាស៊ីហ្វិក។ ក្រុមសម្ព័ន្ធ AUKUS កាលពីថ្ងៃច័ន្ទបានប្រកាសជុំវិញប្រទេសអូស្ត្រាលីដែលនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិករហូតទៅដល់ប្រាំគ្រឿង ហើយបន្ទាប់មកនឹងអភិវឌ្ឍន៍ម៉ូដែលថ្មីមួយ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក និងចក្រភពអង់គ្លេស។ ការគ្រោងបំពាក់នាវាមុជទឹកថ្មីដល់ប្រទេស អូស្ត្រាលី នេះ ត្រូវគេចាត់ទុកថាជាការពង្រឹងនូវសមត្ថភាពការពារជាតិរបស់អូស្ត្រាលីផងក៏ដូចជាក្រុមសម្ព័ន្ធ AUKUS ក្នុងគោលដៅប្រឆាំងប្រទេសចិននិងកូរេខាងជើង។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានចោទប្រទេសទាំងបីក្នុងក្រុមសម្ព័ន្ធ AUKUS ថា កំពុងតែបញ្ឆេះឲ្យមានការប្រជែងគ្នាផ្នែកសព្វាវុធ និងចោទថាកិច្ចព្រមព្រៀងនោះ គឺជាករណីដែលនាំ ឲ្យមានផ្នត់គំនិតសង្គ្រាមត្រជាក់។ មន្ត្រីនាំពាក្យប្រទេសចិនបានថ្លែងថា ការលក់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរនោះ គឺជាហានិភ័យធ្ងន់ធ្ងរនៃការសាយភាយអាវុធនុយក្លេអ៊ែរ ហើយជាការរំលោភចំពោះ គោលបំណង និងវត្ថុបំណងរបស់អនុសញ្ញាស្ដីពីការមិនសាយភាយអាវុធ។

ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកក្នុងចង្កោមនៃសម្ព័ន្ធភាព AUKUS នោះ ក៏ជាប្រទេសដែលស្ថិតក្នុងក្រុមសម្ព័ន្ធ QUAD Quadrilateral Security Dialogue មានន័យថាកិច្ចសន្ទនាសន្តិសុខ៤ភាគី។ ប្រទេស២ ដទៃទៀតដែលស្ថិតក្នុង QUAD គឺប្រទេសជប៉ុន និងឥណ្ឌា។

ការបង្កើត QUAD ក្នុងឆ្នាំ២០២១ គោលដៅរបស់ប្រទេសក្នុងសម្ព័ន្ធ QUAD នេះគឺ «ទស្សនៈចែករំលែកស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរីនិងបើកចំហរ» ដែលទស្សនៈនេះបានបង្ហាញការប្រឆាំងរួចទៅ ហើយចំពោះប្រទេសចិនដែលគេបានចោទថាប្រទេសចិនបានវាតទីដណ្តើមយកដែន ទឹកក្នុងតំបន់សមុទ្ទភាគខាងត្បូងស្ទើរតែទាំងអស់។ ជំនួបកំពូលរវាងមេដឹកនាំជប៉ុននិងកូរេខាងត្បូង កំពុងស្ថិតក្នុងការផ្តោតមើល របស់ពិភពលោកជុំវិញការអូសទាញកម្លាំងក្នុងតំបន់ប្រឆាំងនឹងប្រទេសចិននិងកូរេខាងជើង ដើម្បីបង្កើតកម្លាំងរួមមួយដូចជា អង្គការណាតូទី២ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតាមរយៈការបញ្ចូលជាសមា ជិករបស់ QUAD ឬ AUKUS ដែលសុទ្ធតែ មានគោលនយោបាយប្រឆាំងនឹងប្រទេសចិន និងកូរេខាងជើង។

សំណួរមួយបានដាក់ចេញ មកថា តើទស្សនវិស័យចង់បង្កើតណាតូទី២ក្នុងឥណ្ឌូប៉ាស៊ីហ្វិក នឹងអាចមានរូបរាងឡើងពិតប្រាកដមែនដែរឬទេ? ហើយតើប្រទេសចិននឹងមានវិធានការណ៍ទប់ទល់វិញយ៉ាងណាដើម្បីរក្សាស្ថិរភាពតំបន់ កុំឱ្យមានការជ្រៀតជ្រែកពីប្រទេសមកពីខាងក្រៅ៕