(អ៉ីស្លាម៉ាបាដ)៖ តុលាការជាន់ខ្ពស់មួយរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះបានបង្គាប់ឲ្យប៉ូលិសពន្យារពេលចាប់ខ្លួន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) មួយថ្ងៃទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សាដោយក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីរូបនេះ ដែលបានប៉ះទង្គិចជាមួយ កងកម្លាំងសន្តិសុខនៅបរិវេណផ្ទះរបស់លោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ អ្នកគាំទ្ររបស់លោក ខាន់ រាប់សិបនាក់ ប្រដាប់ដោយដំបង និងខ្សែជំពាម បានប្រមូលផ្តុំគ្នាដើម្បីការពារមិនឲ្យមាន ការចាប់ខ្លួនលោក ខាន់ ព្រោះតែលោកខកខានមិនបង្ហាញខ្លួននៅតុលាការ ជុំវិញសំណុំរឿងចោទប្រកាន់ពីបទលក់ទ្រព្យសម្បត្តិរបស់រដ្ឋដោយខុសច្បាប់ ដែលត្រូវបានផ្តល់ដល់លោក ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី។ ប៉ុន្តែ លោក ខាន់ បានបដិសេធការចោទប្រកាន់នេះ។

ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ខាន់ បានចេញកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបង្កឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រ និងកងកម្លាំងសន្តិសុខ នៅតំបន់ក្នុងទីក្រុងឡាហ័រ (Lahore) ជាកន្លែងរស់នៅរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ ដោយបង្កើនការភ័យខ្លាចអំពីបញ្ហាស្ថិរភាពនយោបាយក្នុងប្រទេស ខណៈដែលប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

គួរបញ្ជាក់ថា តុលាការជាន់ទាបក្នុងទីក្រុងអ៉ីស្លាម៉ាបាដ (Islamabad) បានចោទប្រកាន់ លោក ខាន់ ពីបទប្រឆាំងនឹងដីការបង្គាប់ឲ្យបង្ហាញខ្លួននៅតុលាការ ជុំវិញការចោទប្រកាន់ថាលោកបានលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ ដែលត្រូវបានផ្តល់ឲ្យដោយឥស្សរជនបរទេស ក្នុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

ដំណើរការផ្លូវច្បាប់ប្រឆាំងនឹង លោក ខាន់ បានចាប់ផ្តើមបន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងការបោះឆ្នោតសភា កាលពីដើមឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក លោកបាននិងកំពុងទាមទារឱ្យមានការជំទាស់ទៅនឹងលទ្ធផលបោះឆ្នោត ហើយរៀបចំការប្រមូលផ្តុំតវ៉ាទូទាំងប្រទេស ដែលបានបង្កឲ្យមានមនុស្សស្លាប់ និងរបួស៕