(កៀវ)៖ មេដឹកនាំលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់ដូណេតរបស់អ៊ុយក្រែន បាននិយាយថាស្ថានភាពសម្រាប់កងកម្លាំងរុស្ស៉ី ដែលកំពុងព្យាយាមវាយកាន់កាប់ទីក្រុងបាកមូត មានសភាពលំបាក ដោយសារតែមិនមានសញ្ញាណាមួយបង្ហាញថាទីក្រុងកៀវ បញ្ជាឱ្យទាហានរបស់ខ្លួនដកថយចេញពីទីក្រុងមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

កងកម្លាំងរុស្ស៉ី ដឹកនាំដោយក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បាន និងកំពុងព្យាយាមឡោមព័ទ្ធទីក្រុងបាកមូត (Bakhmut) អស់រយៈពេលជាច្រើនខែមកហើយ ដោយបាន ប្រែក្លាយទីក្រុងមួយនេះទៅជាទីក្រុងខ្មោច ក៏ដូចជាសមរភូមិយ៉ាងបង្ហូរឈាមបំផុតក្នុងសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ។ រុស្ស៉ី ដែលបានហៅទីក្រុងបាកមូត តាមឈ្មោះសម័យសូវៀតថា ទីក្រុងអាទីម៉ូវស្កិ៍ (Artyomovsk) ធ្លាប់បាននិយាយថាការកាន់កាប់បានទីក្រុងមួយនេះអាចនឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ទាហានរបស់ខ្លួន ក្នុងការបើកប្រតិបត្តិការ វាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអ៊ុយក្រែន។

យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ដេនីស ពូស៊ីលីន (Denis Pushilin) ដែលជាមេដឹកនាំលើកបន្តុបដោយរុស្ស៉ី នៅក្នុង តំបន់ដូណេតរបស់អ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពនៅក្នុងទីក្រុង Artyomovsk នៅតែមានភាពស្មុគស្មាញ និងលំបាក...ដោយយើងមើលឃើញថាមិនមាន សញ្ញាណាមួយដែលសត្រូវកំពុងដកថយនោះទេ»។

គួរបញ្ជាក់ថា ខណៈប្រមុខ NATO ព្រមានថាទីក្រុងបាកមូត អាចនឹងធ្លាក់ចូលក្នុងដៃទាហានរុស្ស៉ីឆាប់ៗខាងមុខនេះ លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនដកថយចេញពីទីក្រុងមួយនេះឡើយ៕