(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនាថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានផ្តល់មេដាយកិត្តិយស​ដល់ក្រុមពីឡុតរបស់យន្តហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿង ដែលហោះស្ទាក់យន្តហោះដ្រូនយោធាអាមេរិកមួយគ្រឿង នៅលើផ្ទៃអាកាសនៃសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

យន្តហោះដ្រូនអាមេរិក ដែលមានប្រភេទ MQ-9 Reaper បានធ្លាក់ចូលក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានហោះស្ទាក់ដោយយន្តហោះចម្បាំងរុស្ស៉ី ខណៈវាគឺជាការប្រឈមមុខគ្នាដោយផ្ទាល់លើកដំបូងផ្នែកយោធា រវាងរុស្ស៉ីនិងសហរដ្ឋអាមេរិក គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ បានកើតឡើងនៅអ៊ុយក្រែន។ ក្នុងសេចក្តីប្រកាសអំពីការផ្តល់មេដាយខាងលើ ក្រសួងការពារជាតិរុស្ស៉ីនៅតែប្រកាន់ជំហរថា យន្តហោះ Su-27 របស់រុស្ស៉ីទាំង២គ្រឿង មិនបានហោះបុក​ឬប៉ះដ្រូនអាមេរិកឡើយ កំលុងសកម្មភាពហោះស្ទាក់។

រីឯយោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងរុស្ស៉ី បានហោះមករកយន្តហោះដ្រូនរបស់ខ្លួន កំលុងបេសកកម្មឈ្លបការណ៍មួយ នៅលើសមុទ្រខ្មៅនៅក្នុង​ដែនអាកាសអន្តរជាតិ រួចហោះឆាបទៅមកនិងទម្លាក់ប្រេងសាំងមកលើដ្រូននោះថែមទៀត ដែលមានរយៈពេលប្រហែលជា៣០-៤០នាទី រហូតដល់ទីបំផុត យន្តហោះចម្បាំង Su-27 មួយគ្រឿង ក៏បានបុកជាមួយ​ស្លាបចក្ររបស់វា ហើយបង្ខំឱ្យយន្តហោះដ្រូនអាមេរិក ត្រូវធ្លាក់ចូលក្នុងសមុទ្រ។ កាលពីថ្ងៃព្រហស្បតិ៍នេះ មន្ទីរបញ្ចកោណអាមេរិក ក៏បានបញ្ចេញវីដេអូ ថតបានដោយកាមេរ៉ារបស់ដ្រូន MQ-9 Reaper ខាងលើផ្ទាល់ ដែលបង្ហាញឱ្យឃើញថា វាពិតជាត្រូវបានបុកដោយយន្តហោះចម្បាំងរុស្ស៉ី ប្រាកដមែន​ផងដែរ៕