(លីម៉ា)៖ មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ហើយអគារជាច្រើនខ្នងរងការខូចខាត នៅក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ វាយប្រហារលើ ប្រទេសប៉េរូ និងអេក្វាទ័រ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។

បើតាមអាជ្ញាធរនៅក្នុងប្រទេសអេក្វាទ័រ អគារ រថយន្ដជាច្រើនដែលរងការខូចខាត ព្រមទាំងបំណែកបាក់បែកកម្ទេចកម្ទីត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ម៉ាឆាឡា (Machala) និងគូអ៉ិនសា (Cuenca) ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ និងមនុស្សម្នានាំគ្នារត់រកកន្លែងមានសុវត្ថិភាព។ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹង ថាគ្រោះរញ្ជួយដីខាងលើមានកម្រិតរញ្ជួយ ៦.៨រ៉ិចទ័រ និងមានជម្រៅទៅក្នុងដី ៦៦គីឡូម៉ែត្រ។ ចំណែកឯ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងទីក្រុង បាឡាអូ (Balao) របស់អេក្វាទ័រ ស្ថិតនៅក្បែរព្រំដែនជាមួយប៉េរូ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសអេក្វាទ័រ មានមនុស្ស១៣នាក់បានស្លាប់ ​រីឯនៅប្រទេសប៉េរូ មានក្មេងស្រីម្នាក់អាយុ៤ឆ្នាំ បានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីនេះ៕