(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងហ្វីលីពីនគ្រោងនឹងប្រកាសទីតាំងថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលផ្តល់ឲ្យមហាអំណាចលោកខាងលិចមួយនេះ ប្រើប្រាស់មូលដ្ឋានយោធានៅក្នុងរបស់ហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) កាលពីខែកុម្ភៈកន្លងទៅ បានផ្តល់សិទ្ធិឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធាចំនួន ៤បន្ថែមទៀត ពីលើទីតាំងដែលមានស្រាប់ចំនួន៥ នៅក្រោមកិច្ចព្រមព្រៀង EDCA ឆ្នាំ២០១៤។

ថ្លែងចេញពីមូលដ្ឋានទ័ពអាកាសបាសា (Basa) ក្នុងទីក្រុងម៉ានីល ដែលជាមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋានទាំង៥ នៃកិច្ចព្រមព្រៀង EDCA រដ្ឋលេខាធិការកងទ័ពអាកាសអាមេរិក លោក ហ្រ្វេង ខិនដល (Frank Kendall) បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងផ្នែកការពារជាតិរវាងប្រទេសទាំងពីរ មិនផ្តោតលើបញ្ហាជាក់លាក់ណាមួយទេ។ កិច្ចព្រមព្រៀង EDCA អនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានហ្វីលីពីនសម្រាប់ការហ្វឹកហ្វឺនរួមគ្នា ការរក្សាទុកគ្រឿងបរិក្ខារ និងការកសាងផ្លូវដឹកជញ្ជូនកន្លែងផ្ទុកប្រេងឥន្ធនៈ និងកន្លែងស្នាក់យោធា ប៉ុន្តែវាមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ»។

គួរបញ្ជាក់ថា ខណៈហ្វីលីពីននៅមិនទាន់ប្រកាសទីតាំងជាផ្លូវការនោះ អតីតមេបញ្ជាករយោធាហ្វីលីពីនមួយរូប ​ធ្លាប់បាននិយាយជាសាធារណៈថា សហរដ្ឋអាមេរិកបានស្នើសុំចូលទៅកាន់មូលដ្ឋាននៅតំបន់អ៉ីសាបែលឡា (Isabela) ហ្ស៉ំាបាឡេស (Zambales) និងកាហ្កាយ៉ាន (Cagayan) ដោយទីតាំងទាំងអស់សុទ្ធតែស្ថិតនៅលើកោះលូសុន (Luzon) ដែលបែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ និងនៅកោះប៉ាឡាប៉ាឡាវ៉ាន់ (Palawan) ភាគនិរតីជិតប្រជុំកោះស្រ្ពេតី (Spratly) ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង៕