(មូស្គូ)៖ រដ្ឋបាលប្រធានាធិបតីរុស្ស៊ីនៅថ្ងៃចន្ទនេះ បានស្នើឱ្យមន្ត្រីឱ្យឈប់ប្រើប្រាស់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ដោយសារការព្រួយបារម្ភថាឧបករណ៍ទាំងនេះងាយរងគ្រោះដោយភ្នាក់ងារស៊ើបការណ៍លោកខាងលិច។ នេះបើយោងតាមកាសែត Kommersant ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា​ ឆ្នាំ២០២៣។

នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើង ដោយវិមានក្រឹមឡាំងសម្រាប់មន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយក្នុងស្រុក លោក Sergei Kiriyenko អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតី បានសុំឱ្យមន្ត្រីផ្លាស់ប្តូរទូរសព្ទរបស់ពួកគេត្រឹមថ្ងៃទី០១ ខែមេសា។

កាសែត Kommersant បាន​ដក​ស្រង់​សម្តី​អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​រូប​ដែល​បាន​និយាយ​ថា​ «អ្វី​គ្រប់​យ៉ាង​គឺ​ចប់​ហើយ សម្រាប់ iPhone។ បោះ​វា​ចោល ឬ​ប្រគល់​វា​ទៅ​ឲ្យ​ក្មេងៗ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្វើ​វា​នៅ​ខែ​មីនានេះ»

ប្រភពដដែលនេះបានគូសបញ្ជាក់ថា វិមានក្រឹមឡាំងអាចនឹងផ្តល់ឧបករណ៍ផ្សេងទៀត ជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងគ្នាដើម្បីជំនួសទូរសព្ទ iPhone ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ដោយគូសបញ្ជាក់ថាស្មាតហ្វូនមិនអាចប្រើប្រាស់សម្រាប់គោលបំណងផ្លូវការណាមួយឡើយ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញបញ្ហានេះទេ៕