(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានសម្តែងការស្វាគមន៍ ចំពោះផែនការរបស់អតីតប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យីងជូ (Ma Ying-jeou) ក្នុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍នាថ្ងៃអង្គារនេះ ដោយសារព័ត៌មានរដ្ឋចិន Global Times អ្នកនាំពាក្យរដ្ឋាភិបាលចិន នៃការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បាននិយាយថា ក្រុមមន្រ្តីចិននឹងផ្តល់ឱ្យលោក ម៉ា នូវជំនួយផ្សេងៗដែលលោកត្រូវការ ដើម្បីធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន។ លោក ម៉ា ដែលធ្លាប់កាន់តួនាទីជាប្រធានាធិបតីតៃវ៉ាន់ កាលពីចន្លោះឆ្នាំ២០០៨-២០១៦ គ្រោងបំពេញទស្សនកិច្ចមកកាន់ទិក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៧​ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ដែលនឹងធ្វើឱ្យរូបលោក ក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងបំផុត ដែលទស្សនកិច្ចនៅប្រទេសចិន គិតចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមស៉ីវិល កាលពីឆ្នាំ១៩៤៩។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលកន្លងមកនេះ ប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន ក៏នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកផងដែរ ចំគ្រាដែលលោក ម៉ា ធ្វើដំណើរទៅកាន់ចិន ហើយលោកស្រីត្រូវគេរំពឹងថា នឹងជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevil McCarthy) ខណៈប្រសិនបើជាការពិត វានឹងជាលើកដំបូងហើយដែលប្រធានាធិបតីតៃវ៉ាន់ ជួបជាមួយ​មន្រ្តីជាន់ខ្ពស់អាមេរិកនៅក្នុងទឹកដីអាមេរិកផ្ទាល់។ ជាទម្លាប់ពីមុនមក ប្រធានាធិបតីតៃវ៉ាន់តែងតែឆ្លៀតឈប់នៅអាមេរិក ពេលបំពេញដំណើរទស្សនកិច្ចទៅ​កាន់តំបន់អាមេរិកឡាទីន ឬតំបន់សមុទ្រការីបង់ជាដើម ប៉ុន្តែកំលុងការឆ្លៀតឈប់ទាំងនោះ គឺមិនធ្លាប់ជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកឡើយ៕