(មូស្គូ)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង​នៅថ្ងៃអង្គារនេះ បាននិយាយថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងឆ្នាំនេះ កំលុងជំនួបក្រៅផ្លូវការជាមួយ លោក ពូទីន កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ីផ្ទាល់ ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូសទីន (Mikhail Mishustin) នៅថ្ងៃអង្គារនេះ លោក ស៉ី បាននិយាយយ៉ាងដូច្នេះថា «កាលពីម្សិលមិញ ខ្ញុំបានអញ្ជើញប្រធានាធិបតី ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅចិនក្នុងឆ្នាំនេះ តាមវេលាសមស្របសម្រាប់លោក»

លោកប្រធានាធិបតីចិន បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលសរុប៣ថ្ងៃ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីរុស្ស៉ី។ កាលពីថ្ងៃចន្ទ លោក ស៉ី និងលោក ពូទីន បានជួបពិភាក្សាគ្នាលក្ខណៈក្រៅផ្លូវការ ហើយ​នៅក្នុងថ្ងៃអង្គារនេះ មេដឹកនាំទាំងពីរនឹងត្រូវបើកកិច្ចប្រជុំកំពូលជាផ្លូវការ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានប្រកាសចេញដីកាចាប់ខ្លួន លោក ពូទីន ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ ការចេញដីកានោះមានន័យថា ប្រទេសជាង១២០ ដែលជាសមាជិករបស់ ICC មានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះ ហ៊ានឈានជើងជាន់លើទឹកដីរបស់ពួកគេ។ យ៉ាងណាក្តី ចិនមិនមែនជាភាគីនៃ ICC ឡើយ៕