(បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងប្រាព្ធការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ក្រោយការរំលាយសភា ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ​ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ទី២១ ខែមីនា ឆ្នាំ២០២៣។

ការប្រកាសកាលបរិច្ឆេទខាងលើកើតមានឡើង ស្របពេលដែលគណបក្សនយោបាយថៃនានា កំពុងបង្កើនយុទ្ធនាការឃោសនារបស់ខ្លួនជាផ្លូវការ នៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសកល ដែលទំនងនឹងក្លាយជា ការប្រកួតប្រជែងចម្បងរវាងក្រុមគណបក្សគាំទ្រយោធា ដែលដឹកនាំលោក ប្រាយុទ្ធ ចាន់អូចា ​ហើយនិងគណបក្សប្រឆាំងធំបំផុត គឺគណបក្សភឿថៃ។ បក្សភឿថៃត្រូវគេរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍​ជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេសថៃ ជាមួយវត្តមានកូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ដែលមកទល់ពេលនេះ គឺជាអ្នកនាំមុខគេក្នុងការស្ទង់មតិបន្តបន្ទាប់ ក្នុងនាមជាជម្រើសនាយករដ្ឋមន្រ្តីថៃថ្មី។

គួរបញ្ជាក់ថា ការបោះឆ្នោតខែឧសភាខាងមុខ ​នឹងជាការបោះឆ្នោតសកលលើកទី២ហើយ នៅក្នុងប្រទេសអាស៊ានមួយនេះ គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ ដែលត្រូវជាម្តាយមីងរបស់អ្នកនាង ផែថោងថាន។ លោក ប្រាយុទ្ធ បានបន្តជាមេដឹកនាំប្រទេសថៃ តាំងពីពេលនោះរហូតមក ដោយលោកបានក្លាយជាប្រមុខរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៩៕