(កាប៊ុល)៖ ការរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច ៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានដាក់កម្រិត ៦.៥រ៉ិចទ័រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

USGS បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយគឺនៅជិតតំបន់ជុំ (Jurm) ស្ថិតនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ ១៨៧គីឡូម៉ែត្រ។ តំបន់នេះរងការវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសតំបន់ជួរភ្នំហ៉ីនឌូ ឃឺស (Hindu Kush) ដែលជាចំណុចប្រសព្វនៃដែនដីតំបន់អឺរ៉ាស៊ី និងប្រទេសឥណ្ឌា។

លោក សាហ្វីអូលឡាហ៍ រ៉ាហាមី (Shafiullah Rahimi) អ្នក​នាំពាក្យ​ក្រសួង​គ្រប់​គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន​ បាន​ប្រាប់ AFP ឲ្យដឹងថា មនុស្ស​ពីរ​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់ បាន​ស្លាប់​ក្នុង​ខេត្តឡាកម៉ាន់ (Laghman)។ ដោយឡែក លោក សាហ៉ីឌុលឡាហ៍ ខាន់ (Shahidullah Khan) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បានប្រាប់ AFP ថាយ៉ាងហោចណាស់មនុស្សចំនួន ១៨០នាក់ដែលរងរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទូទាំងខេត្តឃាយបឺ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

គួរបញ្ជាក់ថា ពេញមួយយប់កើតហេតុពលរដ្ឋនៅក្នុងតំបន់រងគ្រោះ បាននាំគ្នាស្នាក់នៅខាងក្រៅផ្ទះ ដោយសារតែភ័យខ្លាចកើតមានការរញ្ជួយជាថ្មីទៀត៕