(វ៉ាស៉ីនតោន)៖ សន្ទុះនៃភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិកចូលទៅក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននាំមកនូវទឹកជំនន់ និងលំហូរដីភក់ ការបាក់រលំដើមឈើ និងបានធ្វើឲ្យអ្នកស្រុករាប់ពាន់នាក់ដែលនឿយហត់នឹងកត្តាខ្យល់ព្យុះស្ថិតក្រោមការបញ្ជាឲ្យជម្លៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារអាកាសធាតុជាតិ (NWS) ក៏បានចេញការឃ្លាំមើលទឹកជំនន់នៅទូទាំងតំបន់ដែលមានប្រជាជនច្រើនជាង១៧លាននាក់ រួមទាំងភាគច្រើននៃទីក្រុងឡូស អាន់ជីឡេស (Los Angeles) និងតំបន់ដ៏ធំ មួយនៃភាគខាងលិច និងភាគកណ្តាលនៃរដ្ឋអារីហ្សូណា។ ស្ថានភាពខ្យល់ព្យុះដ៏ខ្លាំងនឹងបង្កគ្រោះថ្នាក់កាន់តែធំនៅជុំវិញតំបន់សាន់តា គ្រូស (Santa Cruz) និងតំបន់បេ (Bay) ជាមួយនឹងកម្លាំងខ្យល់បក់ពី ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងទៅ ១១៣គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ដោយសារខ្យល់កន្ត្រាក់ពេលស្ថិតក្នុងរថយន្តដោយត្រូវដើមឈើបាក់រលំសង្កត់លើ នៅក្នុងស្រុកសូណូម៉ា (Sonoma) ភាគខាងជើងនៃទីក្រុងសាន់ ហ្រ្វាន់ស៉ីស្កូ (San Francisco)។

ការិយាល័យសង្គ្រោះបន្ទាន់នៃរដ្ឋកាលីហ្វ័រញ៉ា ក៏បានឲ្យដឹងដែរថា មនុស្សជាង ១៤,០០០នាក់នៅទូទាំងរដ្ឋត្រូវស្ថិតនៅក្រោមការណែនាំឲ្យស្វែងរកទីទួលខ្ពស់ដោយសារតែទឹកជំនន់ ព្រមជាមួយការព្រមានពី ការជម្លៀសចេញសម្រាប់អ្នកស្រុកចំនួន ៤៧,០០០នាក់ផ្សេងទៀត។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ទឹកជំនន់បានរាលដាលទៅភាគខាងត្បូង បណ្តាលឲ្យលិចលង់យានជំនិះនៅតាមដងផ្លូវ និងការរអិលបាក់ដីនៅ តំបន់សាន់ ដាយហ្គោ (San Diego)។ ផ្ទះ និងអាជីវកម្មជិត ២៥០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋ។

គួរបញ្ជាក់ថា បើតាម NWS ខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងព្រិល ត្រូវបានគេរំពឹងថានឹងសាយភាយពាសពេញភាគនិរតីនៃសហរដ្ឋអាមេរិកចូលទៅក្នុងតំបន់ហ្រ្គេត បាស៉ីន (Great Basin) និងរ៉ក់ឃី (Rockies) រហូតដល់យប់ថ្ងៃពុធនេះ៕