(មូស្គូ )៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ ប្រទេសរុស្ស៉ីហើយ នៅថ្ងៃពុធនេះ បន្ទាប់ពីបានចូលរួមក្នុងជំនួបកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA​ បានរាយការណ៍ថាយន្ដហោះរបស់លោក ស៊ី ជិនពីង បានចេញពីអាកាសយានដ្ឋាននូកូវ៉ូ (Vnukovo) នៃទីក្រុងមូស្គូ បន្ទាប់ពីមេដឹកនាំចិនទទួលបានការធ្វើគារវកិច្ច ជូនដំណើរជាមួយការប្រគុំបទភ្លេងជាតិរុស្ស៉ី និងចិន។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីងបានផ្ដើមបំពេញទស្សនកិច្ចនៅរុស្ស៉ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក។ លោក ស៉ី ជិនពីង កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគី រុស្ស៉ី របស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនាំទំនាក់ទំនងរវាងប្រទេសទាំង២ ចូលក្នុងយុគសម័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ខណៈមេដឹកនាំទាំង២ អំពាវនាវឱ្យមានកិច្ចសន្ទនា ប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។

លោក ស៉ី ជិនពីង ប្រកាសពីការចុះកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោក ពូទីន នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ប្រធានាធិបតីចិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយស្ដីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងទ្វេភាគី ដែលបានចូលក្នុង យុគសម័យថ្មីមួយ»។ លោក ស៉ី ជិនពីង បន្ថែមថាចិន និងរុស្ស៉ី គួរតែធ្វើការជាមួយគ្នាឱ្យកាន់តែជិតសិ្នទ្ធបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងដ៏អស្ចារ្យ។

ជាការឆ្លើយតបទៅនឹងលោក ស៉ី ជិនពីង លោក ពូទីន ក៏បាននិយាយដែរថារាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេចឡើង ជាមួយការសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាង ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជាអាទិភាពមួយសម្រាប់រុស្ស៉ី។ ប៉ុន្តែ កិច្ចប្រជុំកំពូលនេះមិនទាន់អាចរកច្រកចេញសម្រាប់បញ្ហាអ៊ុយក្រែនបាននៅឡើយទេ៕