(ហ្សាការតា)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងវ៉ាស៉ីនតោននឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ា នៅប៉ុន្មានថ្ងៃខាងមុខទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៉ី ទីប្រឹក្សាក្រសួងការបរទេសអាមេរិក ដេរ៉ិក ឆូលឡេត (Derek Chollet) និយាយថាការដាក់ទណ្ឌកម្មនឹងធ្វើឲ្យរបបយោធាមីយ៉ាន់ម៉ាកាន់តែពិបាករកប្រាក់ចំណូលើដើម្បីទិញអាវុធ។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨០នាក់ និងអង្គភាពជាង ៣០នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ឆូលឡេត បានគូសបញ្ជាក់ថា «យើងប្តេជ្ញាថា នឹងពង្រឹងកាដាក់សម្ពាធលើរបបយោធា ហើយធ្វើឲ្យពួកគេកាន់តែពិបាកក្នុងការរកប្រាក់ចំណូលដែលជាក្បាលម៉ាស៊ីនជំរុញសង្រ្គាមរបស់ខ្លួន»

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលកាលពីឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះបានដឹកនាំការបង្រ្កាបលើការមិនពេញចិត្តនានាចំពោះរបបនេះ ធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរ។

សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលផ្តោតលើសមាជិកនៃរបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា ជាការទប់ស្កាត់លទ្ធភាពក្នុងការប្រមូលថវិកាដើម្បីបម្រើដល់សកម្មភាពរបស់ខ្លួន៕