(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក បៃដិន បានពង្រីកការអញ្ជើញមេដឹកនាំពិភពលោកចំនួន ១២០នាក់សម្រាប់ចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅសប្តាហ៍ក្រោយ រួមទាំងតំណាងមកពីប្រទេសចំនួន០៨ ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលសេតវិមានកាលពីឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ការអញ្ជើញត្រូវបានពង្រីកទៅកាន់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ហ្គាំប៊ី ហុងឌូរ៉ាស កូតឌីវ័រ លីចតេនស្ទីន ម៉ូរីតានី ម៉ូសំប៊ិក និងតង់ហ្សានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បន្ទាប់ពីត្រូវបានដកចេញពីបញ្ជីអញ្ជើញ សម្រាប់កិច្ចប្រជុំកាលពីឆ្នាំ២០២១។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គ្រោងនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍មុនកិច្ចប្រជុំកំពូល នៅថ្ងៃអង្គារ (២៨ មីនា) ដែលផ្តោតលើបញ្ហាអ៊ុយក្រែនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។

កិច្ចប្រជុំកំពូលឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំនឹងត្រូវធ្វើម្ចាស់ផ្ទះរួមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសកូស្តារីកា ហូឡង់ កូរ៉េខាងត្បូង និងសំប៊ី។ ថ្ងៃដំបូងនៃកិច្ចប្រជុំនឹងធ្វើឡើងក្នុងទម្រង់និម្មិត (អនឡាញ) ហើយនឹងបន្តដោយការជួបជុំចម្រុះនៅក្នុងប្រទេសម្ចាស់ផ្ទះនីមួយៗ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។

គួរបញ្ជាក់ថា ពិភពលោកបានឃើញការផ្លាស់ប្តូរដ៏យ៉ាងធំធេង ចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងប្រទេសដែលងើបចេញពីជំងឺរាតត្បាតសកល និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាសង្រ្គាមដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបានបំផ្លិចបំផ្លាញប្រទេសអឺរ៉ុបខាងកើត និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបអស្ថិរភាព។

បើយោងតាមមន្ត្រីសេតវិមានបានឱ្យដឹងថា ប្រធានាធិបតី ចូ បៃដិន នឹងព្យាយាមបង្ហាញថា ព្រឹត្តិការណ៍កាលពីឆ្នាំមុនបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋនិងឆន្ទៈរបស់រដ្ឋាភិបាលនៅតែមាន ប្រព័ន្ធដ៏ល្អបំផុតសម្រាប់ការលើកកម្ពស់វិបុលភាពនិងសន្តិភាព៕