(ប៉េកាំង)៖ ដំណើរចាប់ផ្តើមនៃប្រទេសមហានាគអាស៊ី ទៅកាន់ប្រទេសរុស្ស៊ីដើម្បីស្វែងរកដំណោះ ស្រាយសន្តិភាពបានបញ្ចប់។ បើទោះបីជាកញ្ចប់នៃដំណោះស្រាយ១២ចំណុចរបស់ចិនមិន ទាន់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក, ប្រទេសលោកខាងលិចនិងអ៊ុយក្រែននោះក៏ ដោយ វាក៏ជាជំហានមួយដែលជាការផ្តួចផ្តើមគំនិតរបស់ចិន ដែលប្រមាណ១ឆ្នាំកន្លងមកនេះ បានសម្ងំនៅស្ងៀមតាមដានពិនិត្យស្ថានការណ៍សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននោះដោយយកចិត្ត ទុកដាក់បំផុត។ តើដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង បានបន្សល់នូវចំណុចយកចិត្តទុក ដាក់អ្វីខ្លះសម្រាប់ពិភពលោក?

ប្រទេសចិនដែលទើបនឹងជួយផ្សះផ្សាជម្លោះរ៉ាំរ៉ៃជាប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងប្រទេសអារ៉ាប់សាអ៊ូឌី ដើម្បីឱ្យប្រទេសទាំង២ ទើបបានក្លាយជាប្រទេសចងមិត្តនឹងគ្នាសាឡើងវិញនោះ, ពេលនេះបានព្យាយាមធ្វើកិច្ចការផ្សះផ្សារកសន្តិភាពមួយទៀតក្នុងតំបន់អឺរ៉ុបខាងកើត។ នោះ គឺការចង់ផ្សះផ្សាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ តើប្រទេសចិនអាចនឹងធ្វើកិច្ចការនេះបានដែរ ឬទេ?
សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដែលអូសបន្លាយរយៈពេលជាងមួយឆ្នាំមកនេះ ត្រូវគេឃើញថាជា សង្គ្រាមដែលមានភាពចម្រូងចម្រាស់ជាខ្លាំងណាស់ ដោយសារតែការលូកដៃកប់ជ្រៅបំផុត របស់សហរដ្ឋអាមេរិកនិងអង្គការណាតូ ដែលអ្វីទាំងនោះមិនអាចមានក្តីរំពឹងភ្លាមៗថា នឹងជួយធ្វើការ ផ្សះផ្សាបានដូចដែលប្រទេសចិនបានធ្វើជាអ្នកសម្រុះសម្រួលរវាងអ៊ីរ៉ង់ និងប្រទេសអារ៉ាប់ សាអ៊ូឌីនោះឡើយ។ ប៉ុន្តែបើទោះបីជាមានឧបសគ្គ ប្រទេសចិនត្រូវគេឃើញថា នៅតែ បន្តកិច្ច ការរកការផ្សះផ្សានិងការសម្រុះសម្រួលនោះទៅមុខជាដដែល ដោយចាប់ផ្តើមក្នុង ដំណើរធ្វើទស្សនកិច្ចបីថ្ងៃរវាងពីថ្ងៃទី២០ដល់២២មីនាឆ្នាំ២០២៣។

ជំនួប​រយៈពេល​បី​ថ្ងៃ​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​ចិន លោកស៊ី ជីន​ពីងបាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធទី២២មីនា​។
CNN បានរាយការណ៍ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីផែនការសន្តិភាពសម្រាប់ការ បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយបានប្តេជ្ញាថានឹង "ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវ ទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកយោធា" រវាងរុស្ស៊ី និងចិន។ ការជជែកបានចាប់ចេញពី ចំណុចរកសន្តិភាពឈានមកដល់ការរិះគន់ប្រទេសលោកខាងលិច និងបានឈានមកដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងភាពជាដៃគូគ្មានដែនកំណត់រវាងរុស្ស៊ី និងចិន។

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានតាមដានសភាពការណ៍នេះយ៉ាងយក ចិត្ត ទុកដាក់ ដោយបារម្ភខ្លាចក្រែងចិន អាចប្រកាសការគាំទ្រផ្នែកយោធាណាមួយដល់រុស្ស៊ី។ ប៉ុន្តែលោកស៊ីជីនពីង បានបង្ហាញនូវជំហរអព្យាក្រិតរបស់លោកក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយ ក្រែន បើទោះបីជាចិននិងរុស្ស៊ីជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការរវាងគ្នាស៊ីជម្រៅយ៉ាង ណាក៏ដោយ។

លោកស៊ីជីនពីងបានថ្លែងថា «ខ្ញុំសូមគូសបញ្ជាក់ថាដើម្បីរកដំណោះស្រាយរឿងអ៊ុយក្រែន ស្របទៅតាមគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ​និងស្តង់ដាស្តីពីគោលជំហរ មិនលំអៀងនិងសត្យានុម័ត, យើង បានលើកកម្ពស់ការផ្សះផ្សារនិងការជជែកគ្នា។ គោលជំហររបស់យើងគឺផ្អែកទៅលើសារៈ សំខាន់តែមួយនៃបញ្ហានិងផ្អែកលើការពិត។ យើងតែងតែ ចង់ឱ្យសន្តិភាពនិងការជជែកគ្នា។ យើងឈរយ៉ាងរឹងមាំលើប្រវត្តិសាស្ត្ររបស់ភាគីទាំង២»

ប្រសាសន៍បញ្ជាក់របសមេដឹកនាំចិនលោកស៊ីជីនពីងជុំវិញបំណងនៃការចង់សម្រុះសម្រូល លើទំនាស់ដើម្បីរកការបញ្ចប់សង្គ្រាមនេះ មិនបានធ្វើឱ្យប្រទេសលោកខាងលិចបានជឿថា វាជាជំហរដោយសុទ្ធចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងនោះឡើយ។ ចុះចំណែកពីប្រទេសរុស្ស៊ីវិញ តើមេដឹកនាំរដ្ឋាភិបាលក្រុងម៉ូស្គូលោកវ្លាឌីមៀរពូទីន យល់យ៉ាងណាដែរ?៖

លោកពូទីនបានថ្លែងថា «យើងជឿថាចំណុចចែងជាច្រើនក្នុងគម្រោងរកសន្តិភាពដាក់ចេញ ដោយប្រទេសចិនបានស្របគ្នានឹងចំណុចរុស្ស៊ីចង់បាន​និងគម្រោងនេះអាចចាត់ទុកជាមូល ដ្ឋានសម្រាប់ដំណោះស្រាយសន្តិភាពមួយនៅពេលណាដែលប្រទេសលោកខាងលិច និងរដ្ឋាភិបាលក្រុងកៀវបានត្រៀមខ្លួនរួចរាល់នោះ។ ទោះជាយ៉ាងណាក៏ដោយយើងមិនទាន់បាន ឃើញការត្រៀមរៀបចំខ្លួនពីភាគីម្ខាងទៀតនោះឡើយ»។

ចំណុចបញ្ជាក់របស់លោកពូទីននោះ គឺភាគីរុស្ស៊ីបានត្រៀមខ្លួនរួចទៅហើយ ប៉ុន្តែភាគីម្ខាង ទៀតមិនទាន់បានរៀបចំខ្លួនក្នុងការទទួលយកគម្រោងនៃផែនការសន្តិភាព ដាក់ចេញដោយ ប្រទេសចិននេះឡើយ។
ចំពោះប្រទេសអ៊ុយក្រែននិងប្រទេសលោកខាងលិច ការកត់សម្គាល់មួយក្នុងសំណើទាំង១២ ចំណុចនោះ មិនបានបញ្ជាក់តម្រូវឱ្យរុស្ស៊ីត្រូវដកចេញកម្លាំងរបស់ខ្លួនចេញពីទឹកដីរបស់អ៊ុយ ក្រែននោះឡើយ។ សំណើបស់ចិននោះ ត្រូវក្រុមប្រទេសលោកខាងលិចរិះគន់ថាគ្រាន់​តែ និយាយអំពាវនាវថាចង់រកសន្តិភាព, បញ្ឈប់ភាពជាសត្រូវនិងដោះស្រាយវិបត្តិមនុស្សធម៌ ប៉ុន្តែគម្រោងសន្តិភាពមិនបានដាក់លក្ខខណ្ឌជាមុនណាមួយនាំទៅរកការចរចាសន្តិភាពនោះ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិកនៅមិន ទាន់បានទទួលយកនូវសំណើទាំង១២ចំណុចនោះមែន, ប្រទេសចិនបានបង្ហាញនូវជំហររបស់ ខ្លួនមួយរួចទៅហើយ គឺការចង់ជួយអ៊ុយក្រែនតាមរយៈដំណោះស្រាយចរចាដោយសន្តិភាព នោះគឺមិនមែនការបញ្ជូនអាវុធនិងគ្រឿងយុទ្ធោបករណ៍ដល់អ៊ុយក្រែនដើម្បីធ្វើការបន្តប្រយុទ្ធ គ្នាទៀតនោះឡើយ។

តើចំណុចសំខាន់អ្វីខ្លះដែលគួរកត់សម្គាល់ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោកស៊ីជីនពីង ក្នុងរដ្ឋធានីម៉ូស្គូនៃប្រទេសរុស្ស៊ី?

ផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន នៅមិនទាន់ទទួលបានជោគជ័យ៖
លោកពូទីន បានគាំទ្រសំណើសន្តិភាពរបស់ចិនដែលអំពាវនាវឱ្យមានបទឈប់បាញ់ និងការ ចរចារវាងអ៊ុយក្រែន និងរុស្ស៊ី។
យោងតាមសារព័ត៌មាន Associated Press អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិនមិនមានចេតនាអាត្មានិយមលើបញ្ហាអ៊ុយក្រែនទេ ចិនមិនបានឈរនៅស្ងៀមឬឆក់ឳកាសដើម្បីធ្វើការកេងចំណេញនោះដែរ។

លោកបន្តថាចិន
នឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការដោះស្រាយនយោបាយនៃបញ្ហាអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ផែនការសន្តិភាព១២ចំណុចរបស់ចិនត្រូវបានរិះគន់ដោយអ៊ុយក្រែន និងលោកខាងលិច ដោយសារតែវាមិនរាប់បញ្ចូលការដកទាហានរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែនដែលកាន់កាប់។

លោកស៊ីជីនពីង និងលោកវ្លាឌីមៀរ ពូទីន យល់ព្រមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង "ការជឿទុកចិត្តគ្នាទៅវិញទៅមកខាងយោធា"
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ស៊ីជីនពីង និងលោក ពូទីន បានព្រមព្រៀងគ្នាថា រុស្ស៊ី និងចិន «នឹងបង្កើតភាពជាដៃគូថាមពលកាន់តែជិតស្និទ្ធ ដោយគាំទ្រក្រុមហ៊ុនមកពី ប្រទេសទាំងពីរ ក្នុងការជំរុញគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង ឧស្ម័ន ធ្យូងថ្ម អគ្គិសនី និងថាមពលនុយក្លេអ៊ែរ»។

មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើ "ការពង្រីកពាណិជ្ជកម្មទ្វេភាគី, ធ្វើកិច្ចសហប្រតិបត្តិ ការលើថាមពលនិងសន្តិសុខស្បៀង និងការអភិវឌ្ឍផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឆ្លងកាត់ព្រំដែនផ្សេងទៀត"។

លោកស៊ីជីនពីងបានថ្លែងថា ក្នុងនាមប្រទេសជាសមាជិកអចិ ន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺរុស្ស៊ីនិងចិន នឹងលើកកម្ពស់ពិ ភពលោក ដែលមានពហុប៉ូលនិងរួមចំណែកដល់សន្តិសុខស្បៀងនិងថាមពល។ លោកពូទីន បាន ថ្លែងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបាននិយាយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់សាច់ និងគ្រាប់ធញ្ញជាតិដល់ប្រទេសចិន។
លោកពូទីននៅបានបញ្ជាក់ទៀតថា ប្រទេសរុស្ស៊ីបានអនុគ្រោះដល់ការប្រើប្រាស់ប្រាក់ យ័ន របស់ចិន ក្នុងការធ្វើពាណិជ្ជកម្មជាមួយអាស៊ី អាហ្វ្រិក និងប្រទេសក្នុងទ្វីបអាមេរិកឡាទីន។

ពាក់ព័ន្ធការជឿទុកចិត្តគ្នាលើវិស័យយោធានោះវិញ,​ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ លោកស៊ីជីនពីងនិងលោកពូទីន មេដឹកនាំទាំងពីរបានយល់ព្រម "ធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកយោធា" រវាងប្រទេស ទាំងពីរ។

សេចក្តីថ្លែងការណ៍របស់រុស្ស៊ីនិងចិនបានបង្ហាញ ក្តីកង្វល់ចំពោះការកើនឡើង នូវវត្តមានរបស់អង្គការណាតូក្នុងអាស៊ី និងសេចក្តីថ្លែងការណ៍ដដែលបាន ចោទប្រកាន់ រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ជាប្រទេសដែលបានបំផ្លាញសន្តិសុខសកលលោក។
លោកស៊ីជីន ពីងបានថ្លែងថា«ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានសារៈសំខាន់សម្រាប់ សណ្តាប់ ធ្នាប់ពិភពលោកទំនើបនេះ និងសំខាន់សម្រាប់ជោគវាសនារបស់មនុស្សជាតិ» ថែមទៀត។ ប្រទេសរុស្ស៊ីនិង ប្រទេសចិន បានបញ្ជាក់ទៀតថា គេនឹងធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់ និងបង្កើនកិច្ច សហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ថែមទៀត។

សហរដ្ឋ​អាមេរិក​ហៅ​ជំនួបរបស់លោកស៊ីជិនពីងនិងលោកពូទីន ថាជាការបិទបាំង​ការទូត
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ បាននិយាយប្រឆាំង អំពី ជំនួបរវាងលោក ស៊ី និងលោក ពូទីន ដោយបានហៅថាវាជា "ការបិទបាំងការទូត" សម្រាប់ឧក្រិដ្ឋកម្មរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោក Antony Blinken និយាយថា ការដែលលោកប្រធានាធិបតីចិនស៊ីជីនពីង ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី ពូទីន នោះបានបង្ហាញថា ប្រទេសចិនហាក់គ្មានអារម្មណ៍លើការទទួលខុសត្រូវ ក្នុងការឱ្យវិមានក្រឹមឡាំងទទួលការខុស ត្រូវចំពោះអំពើឃោរឃៅរបស់ខ្លួនដែលបានប្រព្រឹត្តនៅអ៊ុយក្រែននោះឡើយ។ និងលើសពី នោះខណៈដែលមិនបានថ្កោលទោសរុស្ស៊ី ចិនថែមទាំងផ្តល់នូវការបិទបាំងការទូតជួយរុស្ស៊ី ឱ្យបន្តប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនោះថែមទៀត។

ជំនួបកំពូលរវាងមេដឹកនាំរុស្ស៊ីនិងចិន បានបង្ហាញថា សណ្តាប់ធ្នាប់ក្នុងពិភពដែលសហរដ្ឋអាមេរិកបានធ្វើកន្លងមកនេះ បានស្ថិតក្នុងអស្ថិរភាពជាខ្លាំង ដែលពិភពលោកនឹងត្រូវការអ្នកជំនួសថ្មី។ លោក Antony Blinken បានថ្លែងកាលពីថ្ងៃពុធទី២២មីនា ក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនថា លោកពូទីនប្រហែលជាមិនចង់បាន​សណ្ដាប់ធ្នាប់ពិភព​លោកអ្វីនោះទេ ប៉ុន្តែអាចជា​ការចង់ ធ្វើឱ្យពិភពលោកបាត់សណ្ដាប់ធ្នាប់នោះទៅវិញទេ។

សហរដ្ឋអាមេរិកទោះជាយ៉ាងណាក្តីបានកត់សម្គាល់ថា ក្នុងជំនួបកំពូលរវាងមេដឹកនាំរុស្ស៊ី និង ចិនកន្លងមកនេះ មិនមានការប្រកាសណាមូយពីប្រទេសចិនលើការផ្តល់ជំនួយយោធាដល់រុស្ស៊ីនោះឡើយ និងក៏គេមិនទាន់ឃើញថា ប្រទេសចិនបានផ្តល់អាវុធដល់ទៅរុស្ស៊ីនោះទេ បើ ទោះបីជាមានសេចក្តីរាយការណ៍តិចតួចនិយាយថាមានក្រុមហ៊ុនចិនខ្លះបានដឹកជញ្ជួននោះ ក៏ដោយ។ លោក Antony Blinken បានប្រាប់គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិព្រឹទ្ធសភាអាមេរិកថា គេមិនទាន់ឃើញប្រទេសចិនបានដើរឆ្លងកាត់បន្ទាត់ក្រហមដែលសហរដ្ឋអាមេរិក បានគូសទុកនោះឡើយទេ៕