(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាយោធាកូរ៉េខាងជើង បានធ្វើតេស្ដយានមុជទឹកគ្មានមនុស្សបើក ឬដ្រូនមុជទឹកថ្មីមួយដែលមានសមត្ថភាពដឹកនាំ ការវាយប្រហារនុយក្លេអ៊ែរ អាចប​ង្កើតជារលកយក្សវិទ្យុសកម្ម ខណៈទម្លាក់កំហុសលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសម្រាប់ការបង្កភាពតានតឹងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

បើតាម KCNA កំលុងការធ្វើសមយុទ្ធយោធា យានមុជទឹកគ្មានមនុស្សបើកថ្មីរបស់កូរ៉េខាងជើង បានធ្វើដំណើរនៅក្រោមបាតសមុទ្រជម្រៅ ៨០ ទៅ១៥០ម៉ែត្រ ក្នុងរយៈពេល ៥៩ម៉ោង ហើយបានធ្វើការ បំផ្ទុះមួយនៅក្រោមទឹក នៅឯតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដដែលបានបន្ថែមទៀតថា យានមុជទឹកនេះបានហ្វឹកហាត់ពីរបៀបដឹកនាំ ការវាយប្រហារជាសម្ងាត់ នៅក្នុងតំបន់ដែនទឹក និងបំផ្លាញកងកម្លាំងនាវាចម្បាំង ព្រមទាំងកំពង់ផែសំខាន់ៗរបស់សត្រូវ តាមរយៈការបំផ្ទុះអាវុធនុយក្លេអ៊ែរនៅក្រោមទឹកបង្កើតជារលកយក្សវិទ្យុសកម្ម។

គួរបញ្ជាក់ថា បើតាម KCNA ការធ្វើតេស្ដយានមុជទឹកគ្មានមនុស្សបើកខាងលើ ធ្វើឡើងក្រោមការចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់ថាតើកូរ៉េខាងជើង បានទទួលជោគជ័យក្នុងការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចសមល្មមនឹងអាវុធខ្នាតតូច ឬក៏យ៉ាងណានោះទេ ហើយការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរនេះ អាចនឹងក្លាយជាគោលដៅសំខាន់ ប្រសិនបើ កូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ៕