(ញូដេលី)៖ តុលាការជាន់ទាបមួយនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្តន្ទាទោសមេដឹកនាំគណបក្សប្រឆាំង លោក រ៉ាហ៊ុល ហ្កាន់ឌី (Rahul Gandhi) ឲ្យ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយឆ្នាំ២០១៩របស់លោក ដែលនិយាយពីចោរលួចមាននាមត្រកូល Modi ដែលជានាមត្រកូលដូចគ្នា ទៅនឹងនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ដ្រាម៉ូឌី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថានៅឯពិធីជួបជុំជាមួយអ្នកគាំទ្រ ក្នុងរដ្ឋ កាណាតាកា (Karnataka) កាលពីខែមេសា ឆ្នាំ២០១៩ លោក ហ្កាន់ឌី បានចោទសួរថាតើហេតុអ្វីបានជាពួកចោរ ទាំងអស់នេះសុទ្ធតែមាននាមត្រកូលម៉ូឌី អ៉ីចឹង? ដូចជា នីរ៉ាវ ម៉ូឌី (Nirav Modi) ឡាលីត ម៉ូឌី (Lalit Modi) និងណារិនដ្រា ម៉ូឌី (Narendra Modi)។ លោក នីរ៉ាវ ម៉ូឌី គឺជាសេដ្ឋីពេជ្រម្នាក់ដែលកំពុងគេចខ្លួនពីការតាមចាប់របស់ប៉ូលិស រីឯ ឡាលីត ម៉ូឌី គឺជាអតីតប្រធានក្របខណ្ឌបាល់ទាត់កំពូលឥណ្ឌា Indian Premier League ដែលត្រូវបាន ហាមឃាត់មិនឱ្យជាប់ពាក់នឹងកីឡាអស់មួយជីវិត ហើយលោក ណារិន ដ្រាម៉ូឌី ជានាយករដ្ឋមន្ត្រីឥណ្ឌាសព្វថ្ងៃ។

លោក ហ្កាន់ឌី អាយុ ៥២ឆ្នាំ ដែលជាខ្សែស្រឡាយត្រកូលអ្នកនយោបាយ ណេហ៍រុ ហ្កាន់ឌី (Nehru-Gandhi) ត្រូវបានតុលាការក្នុងទីក្រុងសួរ៉ាត់ សម្រេចឲ្យស្ថិតនៅក្រៅឃុំ ភ្លាមៗ និងព្យួរការកាត់ទោសរយៈពេលមួយខែ។ តុលាការបានរកឃើញថា ការអត្ថាធិប្បាយរបស់លោក ហ្កាន់ឌី កាលណោះ គឺជាការបង្ខូចកេរ្តិ៍ឈ្មោះ។

គួរបញ្ជាក់ថា លោក ហ្កាន់ឌី គ្រោងនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ នៅក្នុងតុលាការជាន់ខ្ពស់ ប៉ុន្តែការជាប់ពន្ធនាគារ ឬការដកអភ័យឯកសិទ្ធិចេញសភា នឹងប៉ះទង្គិចដល់ គណបក្សរបស់លោក នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៤ ខណៈគណបក្សរបស់លោក ម៉ូឌី ត្រូវបានគេពឹងខ្ពស់ថាអាចនឹងទទួលបានជ័យជម្នះ៕