(មូស្គូ)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក ឌីមីទ្រី ម៉េវ៉េដេវ (Dmitry Medvedev) បាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីដោយក្រុមប្រទេសលោកខាងលិច ពិតជាកំពុងប៉ះពាល់ដល់ពលរដ្ឋទូទៅក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

បទសម្ភាសន៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ី ដែលរួមមានសារព័ត៌មាន TASS ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម VKontakte លោក ម៉េវ៉េដេវ បានឲ្យថា លោកខាងលិចកំពុងជំរុញឲ្យពលរដ្ឋរុស្ស៉ីទិញទំនិញក្នុងតម្លៃថ្លៃ បិទគណនីធនាគារ និងរឹតបន្តឹងការធ្វើដំណើរជាអន្តរជាតិរបស់ពួកគេ។

លោក ម៉េតវ៉េដេវ បានគូសបញ្ជាក់ថា «ហេតុដូច្នេះ​ហើយច្បាស់​ណាស់​ថា​ លោក​ខាង​លិច​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ពលរដ្ឋ​នៃ​ប្រទេស​យើង។ លោកខាងលិចស្អប់ប្រជាជនយើង ហើយគ្រប់គ្នាគួរតែយល់។ នេះមិនមែនចំពោះតែលើមន្រ្តីរដ្ឋាភិបាលមួយចំនួនប៉ុណ្ណោះទេ តែពួកគេស្អប់យើងទាំងអស់គ្នា ហើយយើងមិនត្រូវអត់ទោសដល់រឿងនេះឡើយ»

គួរបញ្ជាក់ថា បើតាមខ្លឹមសារនៃការអត្ថាធិប្បាយរបស់ លោក ម៉េតវ៉េដេវ ទណ្ឌកម្មរបស់លោកខាងលិចលើរដ្ឋាភិបាលរុស្ស៊ី គឺត្រូវធ្លាក់លើពលរដ្ឋដែលមិនមាន ការជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងនយោបាយ ឬអ្នកប្រហែលជាមានមតិផ្ទុយគ្នា អំពីសង្រ្គាមនៅអ៊ុយក្រែន៕