(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានថ្លែងថាប្រទេសចិនកំពុងរៀនសូត្រនូវមេរៀននៃសង្គ្រាមក្នុងអ៊ុយក្រែន ដើម្បីជាបទពិសោធន៍ផ្ទាល់ខ្លួនបើសិនជាចិននឹងត្រូវប្រើកម្លាំងវាយលើតៃវ៉ាន់ ដើម្បីការបង្រួបបង្រួមជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អនុគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកផ្នែកទំនាក់ទំនងកិច្ចការបរទេសថា ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ជឿថាចិននឹងហ៊ានវាយប្រហារដាក់លើតៃវ៉ាន់ក្នុងពេលនេះទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងថា ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន មានផលប៉ះពាល់យ៉ាងខ្លាំងដល់អាស៊ី ដោយលោកនិយាយថា ប្រទេសចិន កំពុងឃ្លាំមើល យ៉ាងប្រុងប្រយ័ត្នពីរបៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងពិភពលោកធ្វើការឆ្លើយតបយ៉ាងណាចំពោះសង្រ្គាមបង្កដោយលោក វ្ល៉ាឌីមៀ ពូទីន។ លោក Blinken នៅក្នុងសវនាការមួយរបស់ អនុគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកផ្នែកទំនាក់ទំនងកិច្ចការបរទេសក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យវាយប្រហារប្រទេសជិតខាងដោយគ្មានការដាក់ទោសនោះ វាហាក់ដូចជាឱ្យ «បើកប្រអប់ Pandora» មានន័យថា បណ្តោយឱ្យគេបង្កើតបញ្ហាសម្រាប់អ្នកឈ្លានពាន និងវានាំទៅរក «ពិភពលោកដែលមានជម្លោះ»។

ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយរយៈពេលជាងមួយឆ្នាំមកហើយ គ្រាដែលសហរដ្ឋអាមេរិកបានគៀងគរកម្លាំងជាច្រើនដើម្បីចូលរួមប្រឆាំងនឹងរុស្ស៊ីក្នុងនោះមិនត្រឹមតែ កម្លាំងដែល ស្ថិតក្នុងប្រទេសទ្វិបអឺរ៉ុបប៉ុណ្ណោះទេ សូម្បីតែមកពីក្រៅទ្វីប ក៏បានចូលរួមជាមួយនឹងសហរដ្ឋអាមេរិកលើការប្រឆាំងនឹងរុស្ស៊ីផងទៀត។ លោក Blinken បាននិយាយថា៖ រឿងនៅអ៊ុយក្រែន មានដំណើរការល្អ និងមានអ្នកជួយជាច្រើនទៀត ដែលលោកគិតថាប្រការនោះ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។ លោកបានថ្លែងកត់សម្គាល់ការគាំទ្រដល់អ៊ុយក្រែនដែល រួមមានប្រទេសជប៉ុននិងកូរេខាងត្បូង ផងដែរ។

នៅក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីជប៉ុន បានដាក់កម្រងផ្កា រំលឹកឧទ្ទិស ដល់អ្នកបាត់បង់ជីវិតដោយសង្គ្រាមនៅព្រះវិហារមួយក្នុងទីក្រុង Bucha និងជួបជា មួយប្រធានាធិបតី Volodymyr Zelensky ខណៈដែលមេដឹកនាំចិនលោកស៊ីជីនពីងកំពុងធ្វើទស្សនកិច្ចក្នុង ក្រុង ម៉ូស្គូជួបជាមួយមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន។ ដំណើររបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងក្រុងគៀវ ត្រូវគេបរិយាថា គឺជាការបង្ហាញសាមគ្គីភាព និងការគាំទ្រឥតរួញរា របស់ជប៉ុនចំពោះ អ៊ុយក្រែន ជាពិសេសក្នុងនាមជប៉ុនធ្វើជាប្រធាននៃក្រុមប្រទេស G7។

ការឈ្លានពានរបស់រុស្ស៊ីបាននាំឱ្យមានការជជែកវែកញែកអំពីរបៀបណាខ្លះ ដែលសង្រ្គាម មួយនឹងប៉ះពាល់ដល់ប្រទេសចិនប្រសិនណា បើចិនធ្វើការវាយប្រហារតៃវ៉ាន់ដើម្បីធ្វើការ បង្រូបបង្រួមជាតិ។ អគ្គនាយកនៃការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ និងរួមទាំងរដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់ទៀតនោះ បាននិយាយថា ប្រទេសចិននឹងអាចមានសមត្ថភាព ឈ្លានពានពេញលេញរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ប៉ុន្តែលោក Anthony Blinken បាននិយាយក្នុងសវនាការសភាកាលពីថ្ងៃពុធ ទី២២ ខែមីនាបង្ហាញថា ចិននឹងមិនធ្វើសកម្មភាពវាយប្រហារក្នុងពេលនោះទេ។ លោកបានយល់ស្របចំពោះការវាយតម្លៃរបស់ក្រុមសម្ងាត់ CIA ដែល និយាយថាប្រទេសចិន នឹងមានសមត្ថភាព ឈ្លានពានតៃវ៉ាន់នៅក្នុងឆ្នាំ២០២៧។

លោក Blinken បាននិយាយថា ប្រទេសចិនកំពុងសម្លឹងមើលរឿងសង្គ្រាមនៅអ៊ុយក្រែននេះ និងសម្លឹងក្នុងលក្ខណៈប្រុងប្រយ័ត្ននិងដោយយកចិត្តទុកដាក់ និងថា ចិនបានព្យាយាមរៀន សូត្រនូវ មេរៀនទាំងនោះជាមួយនឹងការឃើញការរួបរួមគ្នារបស់ពិភពលោក ដែលនឹងអាចប្រឆាំងនឹងចិនវិញ ប្រសិនបើមានការឈ្លានពានដាក់លើកោះតៃវ៉ាន់មែននោះ។ ប៉ុន្តែមិនមែនសុទ្ធតែប្រទេស ទាំងអស់ដែលបានជឿលើគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះឡើយ។ ពេលនេះចំនួនសម្ព័ន្ធមិត្តការទូតរបស់ចិនតៃវ៉ាន់កំពុងធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះរួមមានប្រទេសហុងឌូរ៉ាសដែល ជំពាក់បំណុលវ័ណ្ឌក បាននិយាយថាគេលុបចោលទំនាក់ទំនងការទូតតៃវ៉ាន់ចេញ នឹងចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាមួយក្រុងប៉េកាំង ជំនួសវិញ ដោយអះអាងថាកោះតៃវ៉ាន់មិនបាន ឆ្លើយតបនឹងសំណើរបស់ហុងឌូរ៉ាស់ ក្នុងការផ្តល់ជំនួយប្រចាំឆ្នាំរបស់ខ្លួនទ្វេដងដល់១០០លានដុល្លារនោះឡើយ។

បច្ចុប្បន្នមាន ប្រទេសចំនួនតែ១៣ ប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ថាជាប្រទេសនោះ…ហើយសូម្បីតែ អតីតអ្នកនយោបាយចិនតៃវ៉ាន់ខ្លួនឯង ក៏មិនចង់មានទំនាស់ជាមួយនឹងសាធារណរដ្ឋប្រជា មានិតចិនផងដែរ។ អតីតប្រធានាធិបតីកោះតៃវ៉ាន់ លោក Ma Ying-jeou គ្រោងនឹងធ្វើទស្សន កិច្ចទៅកាន់ប្រទេស ចិននៅសប្តាហ៍ក្រោយនេះទៀត ដែលជាដំណើរទស្សនកិច្ចលើកដំបូង បំផុតហើយសម្រាប់ថ្នាក់ដឹកនាំកោះតៃវ៉ាន់ ចាប់តាំងពីរដ្ឋាភិបាលចិនជាតិនិយម បានចាញ់ចិនដីគោក និងរត់ភៀសខ្លួនទៅកាន់កោះនេះ តាំងពីចុងបញ្ចប់នៃសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ថាតើដំណើរទស្សនកិច្ចរបស់ លោក Ma Ying-jeou នឹងផ្តោតលើអ្វីខ្លះនោះទេ ប៉ុន្តែលោក Ma ដែលជាសមាជិកជាន់ខ្ពស់ម្នាក់របស់ គណបក្សគួមីងតាង គ្រោងនឹងស្នាក់នៅក្នុងប្រទេសចិនរវាងពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ។ លោក Ma ដែលធ្លាប់បានគ្រប់គ្រងកោះតៃវ៉ាន់រវាងពីឆ្នាំ២០០៨ដល់២០១៦ គឺជាមេដឹកនាំ ដែលបានបង្កើតចំណងទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លាជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។

* សហរដ្ឋអាមេរិកនិយាយថាការប្រជែងថ្មីមួយក្នុងអាស៊ីកំពុងឈានមកដល់

សហរដ្ឋអាមេរិកដែលកំពុងឃ្លាំមើលសកម្មភាពរបស់ប្រទេសចិន ក្រោយដំណើរវិលត្រឡប់របស់លោកស៊ីជីនពីងពីប្រទេសរុស្ស៊ី បានព្យាករណ៍ថានឹងមានការប្រកួតប្រជែងដ៏ធំមួយ ដែលកំពុង ឈានមកដល់។ សេចក្តីរាយការណ៍បង្ហាញថា ភាពតានតឹងមួយបានកើតឡើង ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មន្ត្រីនាំពាក្យបញ្ជាការដ្ឋានស្លាបខាងត្បូងរបស់កងកម្លាំង ប្រដាប់អាវុធរំដោះប្រជាជនចិន លោកវរសេនីយ៍ឯក Tian Junli បានថ្លែងថាកម្លាំងកងទ័ពជើងទឹករបស់ចិន បានបណ្តេញនាវា USS Milius របស់សហរដ្ឋអាមេរិកចេញពីក្នុងដែនទឹករបស់ចិន ក្នុងសប្តាហ៍នេះ ខណៈដែលនាវា នោះបានធ្វើដំណើរចូលមកក្នុងដែនទឹក Xisha ។ សហរដ្ឋអាមេរិកបានបដិសេធចំពោះការអះអាងរបស់ចិន។ មន្ត្រីនាំពាក្យអាមេរិកលោកអនុសេនីយ៍ Luka Bakic បានថ្លែងថា នាវា USS Milius បានធ្វើប្រតិបត្តិការរបស់ខ្លួនតាមទម្លាប់ និងពុំត្រូវបានបណ្តេញដោយកងនាវាជើងទឹករបស់ចិននោះឡើយ។

ប៉ុន្តែមន្ត្រីយោធាចិនបានថ្លែងថាក្នុង ហេតុការណ៍ដែលនាវាអាមេរិកបានធ្វើដំណើរចូលដែនទឹករបស់ចិននោះ, កម្លាំងកងនាវា និងកម្លាំងអាកាសរបស់ចិនបានបណ្តេញនាវាចម្បាំងអាមេរិកនោះ ឱ្យចាកចេញពីដែនទឹកចិន។ វរសេនីយ៍ឯកចិនលោក Tian Junli បានថ្លែងបន្តថាកម្លាំងកងទ័ពចិនតែងស្ថិតក្នុងស្ថានភាព ប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងត្រៀមចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារដែនអធិបតេយ្យភាពជាតិ សន្តិសុខ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅសមុទ្ទចិនខាងត្បូង។ ការប្រឈមមុខដាក់គ្នានេះ ខណៈពេលដែលភាពតាន តឹងរវាងចិននិងសហរដ្ឋអាមេរិក កាន់តែកំពុងកើនឡើង ទន្ទឹមនឹងសហរដ្ឋអាមេរិកបានប្តេជ្ញាការពារកោះតៃវ៉ាន់ មិនឱ្យចិនធ្វើការឈ្លានពានឡើយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានប្រាប់សភាអាមេរិកក្នុងសប្តាហ៍នេះថា៖ «ពិភពលោកក្រោយសង្គ្រាមត្រជាក់បានចប់ ប៉ុន្តែមានការប្រកួតប្រជែងដ៏ខ្លាំងមួយដែល កំពុងឈានមក ដល់ និងគេកំពុងត្រូវកំណត់ថា តើនឹងមានអ្វីកើតឡើងជាបន្ទាប់»។ សហរដ្ឋអាមេរិក កំពុងតែព្យាយាមទប់ស្កាត់ចិនមិនឱ្យប្រើកម្លាំងដាក់លើកោះតៃវ៉ាន់ផង និងព្យាយាមរារាំងចិនឱ្យជួយផ្តល់អាវុធ យុទ្ធភណ្ឌដល់រដ្ឋាភិបាលក្រុងម៉ូស្គូថែមទៀត។ លោក Blinken បានប្រាប់អនុគណៈកម្មាធិការព្រឹទ្ធ សភាអាមេរិកផ្នែកទំនាក់ទំនងកិច្ចការបរទេសទៀតថា ទោះជាយ៉ាងណាក៏ដោយរហូត មកទល់នឹងថ្ងៃពុធសប្តាហ៍នេះ គេមិនទាន់បានឃើញប្រទេសចិនបានឆ្លងកាត់បន្ទាត់ក្រហមអាមេរិកនោះឡើយ ។

ក្នុងរយៈពេលពីរថ្ងៃដំបូងនៃការផ្តល់សក្ខីកម្មទៅកាន់សភានោះ លោក Blinken នៅបាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យធ្វើបត្យាប័នលោក ពូទីន ប្រសិនបើលោកពូទីននោះធ្វើដំណើរទស្សនកិច្ច បន្ទាប់ពីមានដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ ប៉ុន្តែពីទីក្រុងម៉ូស្គូនោះវិញ, អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បានថ្លែងកាលពីថ្ងៃព្រហស្បិ៍តិ៍ទី២៣ ខែមីនាថាការប៉ុនប៉ងណាមួយចង់ចាប់លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ លោក ម៉េដវេដេវ កាលពីដើមសប្តាហ៍នេះ បានព្រមានការបាញ់មីស៊ីលលឿនជាងសម្លេងដាក់លើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះ ថែមទៀត បន្ទាប់ពីតុលាការអន្តរជាតិក្នុងក្រុងឡាអេនោះ បានចេញដីកា បញ្ជាឱ្យសមាជិកនៃរដ្ឋទាំង១២៣ ប្រទេសធ្វើការចាប់ខ្លួនលោក ពូទីនដែលគេបានចោទថាប្រព្រឹត្តនូវឧក្រិដ្ឋកម្មសង្គ្រាម។ តុលាការ ICC កាលពីថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញ ក្តីព្រួយបារម្ភបន្ទាប់ពីរុស្ស៊ីបានព្រមានប្រើមីស៊ីលលឿនជាងសំឡេងបាញ់ដាក់លើទីស្នាក់ការតុលាការ ICC នោះ។

ស្ថាប័នរបស់ ICC បាននិយាយថាគេមានការ «សោកស្តាយចំពោះ ការប៉ុនប៉ងទាំងនេះ ដែលចង់រារាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានានូវការទទួលខុសត្រូវចំពោះ ទង្វើដែលត្រូវ បានហាមឃាត់ ក្រោមច្បាប់អន្តរជាតិទូទៅ»