(ម៉ិកស៉ីកូ ស៉ីធី)៖ «ពួកគេជាមនុស្សកុហក ហើយគិតថាពួកគេជារដ្ឋាភិបាលរបស់ពិភពលោក»។ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានឆ្លើយតបដោយកំហឹងចំពោះរបាយការណ៍របស់សហរដ្ឋអាមេរិក ស្តីពីសិទ្ធិមនុស្សក្នុងប្រទេសម៉ិកស៊ិក នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ ខែមីនា។ គួររំលឹកថាលោកបានបញ្ចេញនូវមតិខាងលើ នៅមុនជំនួបជាមួយលោក John Kerry ជាប្រេសិតប្រធានាធិបតីពិសេសរបស់លោកប្រធានាធិបតី Biden សម្រាប់បញ្ហាប្រែប្រួលអាកាសធាតុ។

យោងតាមរបាយការណ៍របស់សារព័ត៍មាន «Russia Today» បានឲ្យដឹងថា រដ្ឋបាលលោក Biden បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី២១ ដោយបានកត់សម្តាល់ថាមានភស្តុតាង «គួរឱ្យទុកចិត្ត» បង្ហាញថា អាជ្ញាធរម៉ិកស៊ិកត្រូវបានគេសង្ស័យថាមានការសម្លាប់ជនស៊ីវិល ដោយខុសច្បាប់ ការប្រើទារុណកម្ម ការបាត់ខ្លួនដោយបង្ខំ និងការប្រព្រឹត្តសកម្មភាពអមនុស្សធម៌ផ្សេងៗទៀត។ របាយការណ៍នោះ ក៏បានចោទ រដ្ឋាភិបាលម៉ិកស៊ិកថាពុករលួយ កើតមានឧក្រិដ្ឋកម្មរីករាលដាល និងអត្រាដាក់ទណ្ឌកម្មទាប។

លោក ឡូប៉េស អូប្រាដ័រ បានបដិសេធការចោទប្រកាន់ទាំងនេះនៅពេលឆ្លើយតបនឹងសំណួររបស់សារព័ត៍មាន។ «ទាំងនេះមិនមែនជា ការពិតទេ ពួកគេជាអ្នកកុហក!»។ លោក ឡូប៉េស អូប្រាដ័រ បានបញ្ជាក់បន្ថែមទៀតថា របាយការណ៍នេះមិនសមឲ្យយើងខឹងទេ ជនជាតិអាមេរិក គឺចឹងហើយ គិតថាពួកគេជារដ្ឋាភិបាលរបស់ពិភពលោក។

លោក ឡូប៉េស អូប្រាដ័រ បានថ្លែងនូវមតិដូចខាងលើនៅមុនកិច្ចប្រជុំជាមួយលោក John Kerry ជាប្រេសិតប្រធានាធិបតីពិសេសរបស់លោក ប្រធានាធិបតី Biden សម្រាប់បញ្ហាប្រែប្រួលអាកាសធាតុ។ ប្រធានាធិបតីម៉ិកស៊ិក ឡូប៉េស អូប្រាដ័រក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ ខែមីនា នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានឆ្លើយតបចំពោះការលើកឡើងខាងលើ។ លោកបាន និយាយថា «យោងតាមរបាយការណ៍ សមាជិកប៉ូលីសម៉ិកស៊ិក យោធា និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតបានចូលរួមប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងសម្លាប់មនុស្សដោយខុសច្បាប់នេះនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ម៉ិកស៊ិក ក៏ជាមូលហេតុដែលបញ្ហាទាំងនេះ ត្រូវបានគូសបញ្ជាក់ នៅក្នុងរបាយការណ៍របស់យើង»

លោក Patel បានលើកឡើងថា សភាបានផ្ទេរសិទ្ធិឱ្យក្រសួងការបរទេសរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសម៉ិកស៊ិក ហើយ «យើងមិនដែលអះអាងថា ខ្លួនជារដ្ឋាភិបាលពិភពលោក ឬដាក់ចេញបញ្ជាស្រដៀងគ្នានេះទេ»។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែ យ៉ាប់យ៉ឺន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារកើតមានករណីចាប់ជំរិតពលរដ្ឋអាមេរិកនៅភាគខាងជើងម៉ិកស៊ិក ហើយសហរដ្ឋអាមេរិក បានរិះគន់សន្តិសុខរបស់ប្រទេសម៉ិកស៊ិកម្តងហើយម្តងទៀត។

កាលពីថ្ងៃទី៣ ខែមីនា ពលរដ្ឋអាមេរិកចំនួន ៤នាក់ត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខនៅក្នុងទីក្រុង Matamoros ព្រំដែនម៉ិកស៊ិក ដែលបង្កឲ្យមនុស្ស២នាក់បានស្លាប់ ខណៈដែលអ្នកនៅរស់ចំនួនពីរនាក់ទៀតបានវិលត្រឡប់ទៅផ្ទះវិញ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ ទៅទៀត ក្រុមអ្នកស៊ើបអង្កេតអាមេរិកយល់ថា នេះអាចជាករណី «ចាប់ខុស» ដោយក្រុមជួញដូរគ្រឿងញៀនក្នុងស្រុកម៉ិកស៊ិកច្រឡំថា អ្នកទាំងបួននាក់នេះជាអ្នករត់ពន្ធគ្រឿងញៀនហៃទី។

ករណីនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាមេរិក និងម៉ិកស៊ិក។ សមាជិកសភាអាមេរិកមួយចំនួនបានស្តីបន្ទោស រដ្ឋាភិបាលម៉ិកស៊ិក ក្នុងនោះសមាជិកព្រឹទ្ធសភាសហព័ន្ធមកពីបក្សសាធារណរដ្ឋ លោក Lindsey Graham បានគំរាមអនុម័តច្បាប់ដែលនឹង អនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងយោធានៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់ ក្នុងករណីចាំបាច់។ ក្រសួងការបរទេសអាមេរិកក៏បានចេញការព្រមានសន្តិសុខ «ហាមការធ្វើដំណើរ» នៅរដ្ឋចំនួន៦ ក្នុងចំណោមរដ្ឋចំនួន៣២ របស់ប្រទេសម៉ិកស៊ិក។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ ខែមីនា លោក ឡូប៉េស អូប្រាដ័រ បានចោទអ្នកនយោបាយអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយថា «លាក់ពុត» និង «ប្រជាភិថុតិ» ។ លោកបានបដិសេធសារជាថ្មីចំពោះអំពើរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី១៣ ដោយលើកឡើងថា ឧស្សាហកម្ម ទេសចរណ៍ដែលកំពុងរីកចម្រើនរបស់ម៉ិកស៊ិកជាភស្តុតាងបង្ហាញឲ្យឃើញថា ប្រទេសនេះ «មានសុវត្ថិភាពជាងសហរដ្ឋអាមេរិក»