(ម៉ាឌ្រីដ)៖ អាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថាភ្លើងឆេះព្រៃធំដំបូងបំផុតមួយនៅក្នុងឆ្នាំ២០២៣នេះ ដែលបាននិងកំពុងឆាបឆេះនៅឯតំបន់ Valencia ស្ថិតនៅ ភាគខាងកើតនៃប្រទេស បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៣,០០០ហិកតាហើយ និងបង្ខំឱ្យប្រជាជន ១,៥០០នាក់ បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ គាំទ្រដោយយន្ដហោះ និងឧទ្ធម្ភាគចក្រចំនួន១៨គ្រឿង បាននិងកំពុងតស៊ូប្រយទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ជាពិសេសគឺភ្លើងឆេះព្រៃនៅក្បែរភូមិ វីយ៉ានូអេវ៉ា ដេ វីវែរ (Villanueva de Viver) នៃតំបន់វ៉ាឡិនសៀ (Valencia)។

គួរបញ្ជាក់ថា នៅក្នុងប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២២កន្លងទៅ ភ្លើងឆេះព្រៃ ៤៩៣កន្លែង បានបំផ្លាញព្រៃឈើលើផ្ទៃដី ៣០៧,០០០ហិកតាឯណោះ ហើយមូលហេតុចម្បងមួយដែលបណ្ដាល ឱ្យមានភ្លើងឆេះព្រៃ គឺមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕