(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមឱ្យមានការប្រកាសភាពអាសន្ន សម្រាប់រដ្ឋមីស៉ីស៉ីពី (Mississippi) នៅថ្ងៃអាទិត្យនេះ ក្រោយពីព្យុះថូណេដូកំណាចមួយ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋមួយនេះ ដោយផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៥នាក់នៅទីនោះ ព្រមទាំងម្នាក់ទៀតនៅរដ្ឋអាឡាបាម៉ា (Alabama)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។

សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីអាមេរិក បានបង្គាប់ឱ្យបញ្ចេញជំនួយសហព័ន្ធ ដើម្បីជួយបំពេញបន្ថែមដល់ កិច្ចប្រឹងប្រែងរបស់អាជ្ញាធររដ្ឋ Mississippi ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន នៃតំបន់ដែលបានទទួលរងការប៉ះពាល់។ សេតវិមាន​បានគូសបញ្ជាក់ថា ជំនួយនឹងបានដល់ជនរងគ្រោះទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់ខារ៉ូល (Caroll), ហាមហ្វ្រេ (Hamphreys), ម៉ុនរ៉ូ (Monroe), និងសាកគី (Sharkey) ជាដើម។

គួរបញ្ជាក់ថា ខ្យល់ព្យុះថូណេដូ បានបោកបក់យ៉ាងកំរោលកាត់រដ្ឋ Mississippi កាលពីវេលាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ហើយក្រៅពីឆក់យកជីវិតមនុស្ស វាក៏បានបំផ្លាញអគាររាប់រយខ្នង និងបន្សល់ទុកដាននៃ​ការបំផ្លិចបំផ្លាញរបស់វា នៅពាសពេញរដ្ឋអាមេរិកមួយនេះផងដែរ៕