(ហ្វ្រង់ហ្វូត)៖ អាជ្ញាធរប៉ូលីសបានរាយការណ៍ឱ្យដឹងនៅពីថ្ងៃអាទិត្យនេះថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារនៅទីក្រុងហាំប៊ឺកប្រទេសអាល្លឺម៉ង់ ដែលជាការបាញ់សម្លាប់លើកទីពីរនៅក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។

ប៉ូលីសនិយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការមួយ ហើយបច្ចុប្បន្នកំពុងស៊ើបអង្កេត ខណៈអ្នក​នាំ​ពាក្យ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ជន​ល្មើសឡើយ។

កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា ប៉ូលីសត្រូវបានគេខលហៅភ្លាមៗនៅមុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសៅរ៍ ហើយរថយន្តចំនួន២៨គ្រឿង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។

កាសែត Bild បានរាយការណ៍ទៀតថា បុរសពីរនាក់ដែលម្នាក់មានអាយុ៤២ឆ្នាំ និងម្នាក់ទៀតអាយុ ៥០ឆ្នាំ បានស្លាប់​ ដោយគេជឿថា បុរសដែលវ័យ៥០ឆ្នាំជាអ្នកបានបាញ់សម្លាប់យុវជននោះជាច្រើនគ្រាប់ ដោយកាំភ្លើងខ្លីមួយដើម មុនពេលបាញ់សម្លាប់ខ្លួនឯង។

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា មានមនុស្ស​ ០៨នាក់​រួម​ទាំង​កូន​ដែល​មិន​កើត​ផង​បាន​ស្លាប់​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារមួយ ​នៅ​សាល​ប្រជុំ​នៃសាសនា​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​ហាំប៊ឺក៕