(រីយ៉ាដ)៖ ទីក្រុងរីយ៉ាដ នៅថ្ងៃចន្ទនេះបាននិយាយថារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានសន្យាថានឹងជួបមុខគ្នា នៅមុនដំណាច់ខែរ៉ាម៉ាឌន ដែលអ្នកកាន់សាសនា អ៉ីស្លាមកំពុងតមអាហារនៅពេលថ្ងៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថាព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ (Faisal bin Farhan) និងសមភាគីអ៉ីរ៉ង់របស់ទ្រង់គឺលោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ នៅក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ និងបានពិភាក្សាលើបញ្ហារួមជាច្រើន អនុលោមតាម កិច្ចព្រមព្រៀងដ៏ភ្ញាក់ផ្អើលមួយដែលសម្រេចឡើងក្រោមការសម្របសម្រួលរបស់ចិនកាលពីថ្ងៃទី១០ ខែមីនា។ SPA បានបន្ថែមទៀតថារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ ក៏បានឯកភាពគ្នា ផងដែរថារៀបចំកិច្ចប្រជុំទ្វេភាគីរវាងគ្នា នៅអំឡុងខែរ៉ាម៉ាឌន ដែលក្នុងឆ្នាំ២០២៣នេះអាចនឹងបញ្ចប់នៅសប្ដាហ៍ទី៣ នៃខែមេសាខាងមុខ។ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ មន្ត្រីអ៉ីរ៉ង់ម្នាក់បានអះអាងថាលោកប្រធានាធិបតី អ៉ីប្រាហ៉ីម រ៉ៃស៉ី បានបង្ហាញការពេញចិត្តជាខ្លាំង ដោយទទួលបានលិខិតអញ្ជើញ បំពេញទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ ពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត King Salman។ តែខាងទីក្រុងរីយ៉ាដ មិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ៕