(ប៉េកាំង)៖ បន្ទាប់ពីហុងឌូរ៉ាសប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយតំបន់ចិនតៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិននិងហុងឌូរ៉ាស បានប្រកាសថា បង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី២៦ខែមីនា ។ គិតមកទល់បច្ចុប្បន្ននេះ នៅលើពិភពលោកមានប្រទេសចំនួន១៨២ បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន រីឯអ្វីដែលហៅថា “ប្រទេសសម្ព័ន្ធមិត្ត”របស់អាជ្ញាធរតំបន់តៃវ៉ាន់សល់ត្រឹមតែ ១៣ប៉ុណ្ណោះ ។ ភាពខុសគ្នាយ៉ាងជ្រះស្រឡះនេះបានបង្ហាញថា គោលការណ៍ប្រទេសចិនតែមួយជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិនិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិដែលទទួលស្គាល់ជាទូទៅ ។

នៅលើពិភពលោកមានប្រទេសចិនតែមួយ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងទូទាំងប្រទេសចិន ហើយតំបន់តៃវ៉ាន់ជាចំណែកមួយនៃទឹកដីរបស់ចិនដែលមិនអាចពុះបំបែកបាន ។ នេះជាការពិតជាក់ស្តែងប្រវត្តិសាស្ត្រ និងហេតុផលច្បាប់ដែលមិនអាចប្រកែកបាន ។ នៅឆ្នាំ១៩៧១ សេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីគោលការណ៍ចិនតែមួយ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពីប្រទេសប៉ាណាម៉ាដល់សាល់វ៉ាឌ័រ ពីនីការ៉ាហ្គាដល់ហុងឌូរ៉ាស អ្វីដែលហៅថា «ប្រទេសសម្ព័ន្ធមិត្ត”របស់អាជ្ញាធរតំបន់តៃវ៉ាន់បាននាំគ្នាកាត់ផ្តាច់ ទំនាក់ទំនងការទូតជាមួយតំបន់តៃវ៉ាន់ជាបន្តបន្ទាប់ បែរជាមកបង្កើតទំនាក់ទំនងការទូត ឬរៀបចំទំនាក់ទំនងការទូតជាថ្មីឡើងវិញជាមួយប្រទេសចិន នេះសុទ្ធតែជាជម្រើសនយោបាយលើ មូលដ្ឋានគោលការណ៍ចិនតែមួយ ដែលបានសមស្របនិន្នាការពិភពលោក សមស្របផលប្រយោជន៍របស់ប្រទេសខ្លួន និងបង្ហាញពីក្តីបំណងរបស់ប្រជាជនផងដែរ ។

ព្រមពេលជាមួយគ្នានេះ ការដែលហុងឌូរ៉ាសបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដោយគ្មានលក្ខខណ្ឌ បានបង្ហាញពីគោលបំណងយ៉ាងខ្លាំងក្លា របស់ប្រទេសអាមេរិកឡាទីនដែលចង់ស្វែងរកការអភិវឌ្ឍប្រកបដោយសេចក្តីថ្លៃថ្នូរ ។ កាសែត New York Times» បានចុះផ្សាយបទអត្ថាធិប្បាយថា ការដែលហុងឌូរ៉ាសប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយតំបន់ចិនតៃវ៉ាន់គឺជាការវាយប្រហារចំពោះតំបន់តៃវ៉ាន់ផង ហើយក៏ជាភាពបរាជ័យរបស់សហរដ្ឋអាមេរិកផងដែរ ។
ប្រទេសកាន់តែច្រើនឡើងៗបានឃើញច្បាស់ថា ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺជានិន្នាការអភិវឌ្ឍន៍ទូទៅនិងជាក្តីបំណងរបស់ប្រជាជន ពោលគឺអាចសម្រេចបាននូវការឈ្នះ-ឈ្នះលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ស្មើភាពគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នា ក៏ដូចជាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននិងយូរអង្វែង របស់ប្រទេសជាតិនិងប្រជាជនប្រទេសខ្លួន ។

តាមដំណឹងថ្មីបំផុតឱ្យដឹងថា ភាគីចិនស្វាគមន៍ហុងឌូរ៉ាសគាំទ្រ និងចូលរួមគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ក្នុងន័យជំរុញការផ្លាស់ប្តូររៀនសូត្រពីគ្នា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមក្របខ័ណ្ឌពាក់ព័ន្ធ ។ ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏រីករាយឆ្លងតាមវិធីដូចជាពង្រីកការនាំចូល លើកទឹកចិត្តការវិនិយោគនិងចូលរួមកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីបង្កើតសមិទ្ធផលមួយចំនួនយ៉ាងប្រាកដប្រជាក្នុងពេលឆាប់ៗ ។ ភាគីហុងឌូរ៉ាសក៏សន្យាថា គោរពគោលការណ៍ចិនតែមួយ រីករាយធ្វើឱ្យទំនាក់ទំនងរវាងហុងឌូរ៉ាស និងចិនមានភាពកាន់តែជិតស្និទ្ធ ថែមមួយកម្រិតទៀត និងពន្លឿនការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យ ។ ប្រការទាំងនេះបានបង្ហាញពី បំណងស្មោះត្រង់របស់ភាគីទាំងពីរក្នុងការជំរុញឱ្យ ទំនាក់ទំនងទ្វេភាគីមានទីចាប់ផ្តើមដ៏ល្អប្រសើរ ។

តំបន់តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិនដែលមិនអាចពុះបំបែកបាន ។ ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ជាសច្ចយុត្តិធម៌អន្តរជាតិ កងកម្លាំងដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យ បង្កទង្វើបញ្ច្រាសនិន្នាការមុខជានឹង ទទួលបរាជ័យជាក់ជាមិនខាន ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ប្រទេសកាន់តែច្រើនឡើងៗនឹងឈរជាមួយម្ខាងនៃភាពត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រ ៕

វិទ្យុមិត្តភាពកម្ពុជាចិន