(វ៉ាស៊ីនតោន)៖ អតីតនិស្សិតម្នាក់ប្រដាប់ដោយកំាភ្លើងធុនធ្ងន់ បានបាញ់សម្លាប់ក្មេង ៣នាក់ និងបុគ្គលិក៣នាក់ នៅក្នុងការវាយប្រហារមួយដែលត្រូវបានគេជឿជាក់ថាមានការរៀបចំផែនការ យ៉ាងប្រុងប្រយ័ត្នទុកជាមុន នៅឯសាលាបឋមសិក្សាមួយកន្លែង ក្នុងទីក្រុង Nashville សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ២៨ ខែមីនា ឆ្នាំ២០២៣។

ប៉ូលិសអាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះថា អូដ្រេ ហែល (Audrey Hale) ជាស្ត្រីម្នាក់អាយុ២៨ឆ្នាំ ដែលក្រោយមកត្រូវបានគេបញ្ជាក់ឡើងវិញថាជាមនុស្សដែលប្ដូរ ពីភេទប្រុសទៅស្រី។ ជនសង្ស័យរូបនេះប្រដាប់ដោយកាំភ្លើងវែង២ដើម និងកាំភ្លើងខ្លីមួយដើម មានផែនទីសាលាបឋមសិក្សាខាងលើ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខ នឹងប៉ូលិស មុននឹងត្រូវបានប៉ូលិសបាញ់សម្លាប់។

គួរបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ កុមារម្នាក់មានអាយុ៨ឆ្នាំ និង២នាក់ទៀតមានអាយុ៩ឆ្នាំ ខណៈបុគ្គលិក៣នាក់ ដែលត្រូវបានបាញ់សម្លាប់ដែរនោះមានអាយុពី៦០ ទៅ៦១ឆ្នាំ៕