(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កងទ័ពជើងទឹករុស្ស៉ីបានបាញ់មីស៉ីលប្រឆាំងនាវា ដែលមានល្បឿនលឿនជាង​សំឡេង កម្រិតស៊ូភើសូនិច (supersonic) ទៅលើគោលដៅធ្វើតេស្តមួយ នៅឯតំបន់សមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បាននិយាយដូច្នេះថា «នៅក្នុងដែនទឹកនៃសមុទ្រជប៉ុន ក្រុមនាវាបំពាក់មីស៉ីលនៃកងយោធា​ជើងទឹករុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិក បានបាញ់មីស៉ីលគ្រូស ម៉ូស្គីត (Moskit) ទៅលើគោលដៅធ្វើតេស្តមួយនៅលើផ្ទៃសមុទ្រ។ គោលដៅ​នោះ ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ត្រូវបានបាញ់ចំដោយជោគជ័យ ជាមួយមីស៉ីលគ្រូស Moskit ចំនួន២គ្រាប់»

មីស៉ីល P-270 Moskit ដែលត្រូវអង្គការណាតូ (NATO) ដាក់ឈ្មោះសម្គាល់ថា SS-N-22 Sunburn គឺជា មីស៉ីលគ្រូសសម្រាប់​បាញ់រយៈចម្ងាយមធ្យម និងមានល្បឿនកម្រិតស៊ូភើសូនិច ដែលលឿនស្មើល្បឿនរបស់សំឡេង ហើយមានសមត្ថភាពអាចកម្ទេចនាវា ដែលស្ថិតនៅចម្ងាយ​បានរហូតដល់១២០គីឡូម៉ែត្រ។ កម្រិតស៊ូភើសូនិចនេះ គឺសំដៅទៅលើល្បឿនលើសពី Mach 1 ដល់ក្រោម Mach 5 ខណៈល្បឿនចាប់ពី Mach 5 ឡើងទៅ គឺត្រូវហៅថា ហៃភើសូនិច។ ល្បឿនរបស់សំឡេង ឬ Mach 1 ស្មើនឹង ១,២៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ការបាញ់មីស៉ីលគ្រូសខាងលើនេះ គឺកើតមានឡើងនៅរយៈពេល១សប្តាហ៍ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី២គ្រឿង ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ទើបតែបានធ្វើប្រតិបត្តិការហោះហើរនៅលើតំបន់សមុទ្រជប៉ុន អស់រយៈពេលជាង៧ម៉ោង ក្នុងសកម្មភាព​ដែលទីក្រុងមូស្គូអះអាងថា ជាការហោះហើរដែលត្រូវបានគ្រោងទុកមុន យូរមកហើយ៕