(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រាប់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ទីក្រុងវ៉ាស៉ីនតោន មិនអាចបន្តជំរុញផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដែលបង្កឲ្យមានភាពចលាចលអស់រយៈពេលជាច្រើនខែមកនេះ បានទេ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

ថ្លែងចេញពីរដ្ឋការ៉ូលីណា ខាងជើង (North Carolina) លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ដូចអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អ៉ីស្រាអែលជាច្រើននាក់ដែរ ខ្ញុំមានការព្រួយបារម្ភយ៉ាង ខ្លាំង។ ពួកគេមិនអាចបន្តដើរតាមផ្លូវនេះបានទេ។ សង្ឃឹមថាលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នឹងធ្វើសកម្មភាពតាមរបៀបមួយដែលមានការសម្រុះសម្រួលយ៉ាងពិតប្រាកដ»។ នៅក្នុងការអំពាវនាវ ដាច់ដោយឡែកមួយផ្សេងទៀត នៅឯទីក្រុងវ៉ាស៉ីនតោន លោក បៃដិន បានប្រាប់ឲ្យរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ទម្លាក់ចោលនូវច្បាប់ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសនេះ ហើយលោកមិនមានផែនការអញ្ជើញលោក ណេតាន់យ៉ាហ៊ូ បំពេញទស្សនកិច្ចមកកាន់សេតវិមានក្នុងពេលឆាប់ៗខាងមុខនោះទេ។

ក៏ប៉ុន្តែ​ ឆ្លើយបទៅនឹងការអំពាវនាវនេះ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា «អ៉ីស្រាអែល គឺជាប្រទេសអធិបតេយ្យមួយ ដែលធ្វើការសម្រេចចិត្តដោយឆន្ទៈរបស់ប្រជាជន និងមិនផ្អែកលើសម្ពាធពី បរទេស រួមទាំងពីមិត្តជិតស្និទ្ធបំផុតនោះផងដែរ។ សម្ព័ន្ធភាពអ៉ីស្រាអែល និងសហរដ្ឋអាមេរិក គឺមិនអាចបំបែកបានឡើយ ហើយតែងតែយកឈ្នះលើភាពខ្វែងគំនិតគ្នាម្តងម្កាល រវាងប្រទេសយើងទាំងពីរ»

គួរបញ្ជាក់ថា ការអំពាវនាវរបស់ លោក បៃដិន កើតមានឡើងដំណាលគ្នានឹងការប្រកាសរបស់លោក ណេតាន់យ៉ាហ៊ូ ដើម្បីពន្យារពេលអនុវត្តដំណើរការកែទម្រង់ប្រព័ន្ធតុលាការ ដែលការពន្យារពេល មានន័យថា សេចក្តីព្រាងច្បាប់នេះនឹងមិនត្រូវបានដាក់ឲ្យបោះឆ្នោតក្នុងសភា រហូតដល់ដំណាច់ខែមេសា៕