(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានកែសម្រួលអនុសាសន៍អំពីការចាក់វ៉ាក់សាំងសម្រាប់ដំណាក់កាលថ្មីនៃជំងឺកូវីដ១៩ ដោយសន្មត់ថា កុមារ និងមនុស្សវ័យជំទង់ដែលមានសុខភាពល្អ អាចមិនចាំបាច់ត្រូវការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែក្រុមមនុស្សចាស់ ឬក្រុមមនុស្សដែលមានហានិភ័យខ្ពស់គួរតែទទួលបានវ៉ាក់សាំងដូសជំរុញចន្លោះពី៦ ទៅ១២ខែម្តង បន្ទាប់ពីពួកគេចាក់វ៉ាក់សាំង ២ដូស។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

WHO ដែលទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា គោលបំណងរបស់ខ្លួនគឺផ្តោតលើកិច្ចខិតខំប្រឹងប្រែងលើការងារចាក់វ៉ាក់សាំង ដល់អ្នកដែលប្រឈមមុខនឹងការគំរាមកំហែងបំផុត នៃជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារកូវីដ១៩ ប៉ុន្តែត្រូវពិចារណាកម្រិតខ្ពស់ចំពោះស្ថានភាពសុខភាពរបស់ប្រជាជនទូទាំងពិភពលោក លើការឆ្លងរីករាលដាលនៃជំងឺ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺ។

WHO បានធ្លាប់បានកំណត់ថា ប្រជាជនដែលមានហានិភ័យខ្ពស់គឺជាក្រុមមនុស្សចាស់ ក៏ដូចជាមនុស្សវ័យក្មេង។ សម្រាប់ក្រុមនេះ ទីភ្នាក់ងារណែនាំអោយចាក់វ៉ាក់សាំងបន្ថែមពីចន្លោះ ៦ ទៅ១២ខែ បន្ទាប់ពី ការចាក់វ៉ាក់សាំងលើកចុងក្រោយ ដោយផ្អែកលើអាយុ និងលក្ខខណ្ឌនៃភាពស៊ាំរបស់មនុស្ស។ ប៉ុន្តែសម្រាប់កុមារ និងមនុស្សវ័យជំទង់ដែលមានសុខភាពល្អគឺគួរតែស្ថិតក្នុង «អាទិភាពទាប»។ ដូចច្នេះ WHO ជំរុញឲ្យប្រទេសនានាពិចារណាលើកត្តា ដូចជាអ្នកងាយរងគ្រោះប្រឈមមុខធ្លាក់ខ្លួនឈឺធ្ងន់ មុនពេលផ្តល់វ៉ាក់សាំងដល់ក្រុមមនុស្សវ័យនេះ ដោយនិយាយថា វ៉ាក់សាំងកូវីដ១៩ មានសុវត្ថិភាពសម្រាប់ មនុស្សគ្រប់វ័យ ប៉ុន្តែត្រូវគិតគូរពីកត្តាផ្សេងទៀត ដូចជាប្រសិទ្ធភាពនៃការចំណាយ ជាដើម។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ WHO បាននិយាយថាការបិទបញ្ចប់នៃជំងឺកូវីដ១៩គឺ «មានសញ្ញាមើលឃើញ»។ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារនេះបាននិយាយថា ដំបូន្មានថ្មីចុងក្រោយរបស់ខ្លួនគឺឆ្លុះបញ្ចាំងពីរូបភាពជំងឺបច្ចុប្បន្ន និងកម្រិតភាពស៊ាំជាសកលប៉ុណ្ណោះ ប៉ុន្តែមិនគួរត្រូវបានចាត់ទុកថាជាការណែនាំរយៈពេលវែងនោះទេ៕