(ម៉ាឌ្រីត)៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sánchez) និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង ត្រៀមជួបគ្នានៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធពិធីអបអរសាទរទំនាក់ទំនងការទូតនៃប្រទេសទាំងពី ដែលមានរយៈពេលកន្លះសតវត្សរ៍មកហើយនោះ ដោយការពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈសង្រ្គាមនៅអ៊ុយក្រែននឹងជាប្រធានបទដ៏សំខាន់មួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក ប៉េដ្រូ សាន់ឆេស នឹងបើកកិច្ចប្រជុំពាណិជ្ជកម្មក្នុងអំឡុងវេទិកាសេដ្ឋកិច្ចបូអៅ (Boao) សម្រាប់តំបន់អាស៊ី នៅលើកោះហៃណានរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបលោក ស៊ី នាថ្ងៃសុក្រសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ មានបំណងប្រាប់ លោក ស៉ី ជិនពីង ថាអ៊ុយក្រែនគួរតែមានសិទ្ធិក្នុងការសម្រេចចិត្ត លើកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអាចកើតមានជាមួយរុស្ស៊ី។ លោក សាន់ឆេស ក៏ចង់ប្រើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីបង្ហាញទស្សនៈរបស់លោកមកឆ្លុះបញ្ចាំងពីវិបត្តិសកល ដែលកើតចេញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់ថា អេស្ប៉ាញ កំពុងព្យាយាមធ្វើខ្លួនឲ្យក្លាយជាអ្នកសម្របសម្រួលការទូតក្នុងជម្លោះ មុនពេលត្រូវកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបក្នុងខែកក្កដាចំពេលដែលអឺរ៉ុបកំពុងជួបប្រទះសង្រ្គាមដីគោកដ៏ធំ ជាលើកដំបូងគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ បើតាមក្រុមអ្នកវិភាគ អេស្ប៉ាញចង់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីបញ្ចប់ការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន៕