(កៀវ)៖ ប្រមុខទីភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានទៅទស្សនារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhye ដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយថា លោក Rafael Grossi ប្រធានទី ភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិបានទៅដល់ដោយរថយន្តនៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុបដើម្បីពិនិត្យមើលស្ថានភាពនៅទីនោះ។

លោក Grossi ចង់ធ្វើការវាយតម្លៃដោយផ្ទាល់ដៃលើ «ស្ថានភាពសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ» និងបន្តខិតខំប្រឹងប្រែងធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងដើម្បីការពាររោងចក្រ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​ Reuters ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា «ខ្ញុំនឹងមិនចុះចាញ់តាមមធ្យោបាយណាមួយទេ។ ខ្ញុំគិតថា ផ្ទុយទៅវិញយើងត្រូវបង្កើនការខិតខំប្រឹងប្រែងរបស់យើងឡើងវិញ»

នៅក្នុងទឹកដីដែលគ្រប់គ្រងដោយទីក្រុងមូស្គូ គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ស្ថានភាពនៅរោងចក្រនេះមិនមានភាពប្រសើរឡើងទេ ដែលការប្រយុទ្ធនៅក្បែរនោះមានសភាពកាន់តែខ្លាំង ហើយថាគាត់ចង់បង្កើតវិធីជាក់ស្តែងដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។

លោកលើកឡើងយ៉ាងដូច្នេះថា ស្ថានភាពនៅរោងចក្រនេះនៅតែ «គ្រោះថ្នាក់ណាស់» និង «មិនស្ថិតស្ថេរ» ដោយកត់សម្គាល់ថាសកម្មភាពយោធានៅក្នុងតំបន់បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងក្រុងកៀវបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានទម្លាក់គ្រាប់បែកលើទីតាំងរោងចក្រថាមពលកាលពីឆ្នាំមុន។ លោក Grossi បាននឹងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងសុវត្ថិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីការពាររោងចក្រនេះ៕