(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថាអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើន ស្ថិតនៅក្នុងរដ្ឋធានីដាម៉ាស ដោយបង្កឱ្យមានសំឡេង ផ្ទុះយ៉ាងខ្លាំង នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីស៉ីរី យោធាអ៉ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់ចេញពីតំបន់ ហ្គូលិន ហៃ (Golan Heights) លើតំបន់ស្ថិត នៅជាយរដ្ឋធានីដាម៉ាស ដោយបណ្ដោយឱ្យទាហានស៉ីរី ២នាក់រងរបួស និងបង្កការបំផ្លិចបំផ្លាញមួយចំនួន។ មន្ត្រីស៉ីរីដដែលនេះបានបន្ថែមទៀតថាប្រព័ន្ធមីស៊ីលការពារដែនអាកាសស៉ីរី បានប្រឈមមុខជាមួយការវាយប្រហារដោយមីស៊ីល និងបានបាញ់ទម្លាក់មីស៊ីលមួយចំនួនផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការអះអាងរបស់ស៉ីរី។ ប៉ុន្តែ អ៉ីស្រាអែលតែងតែត្រូវបានគេរាយការណ៍ថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស នៅលើទឹកដីស៉ីរី ដោយមានគោលដៅលើមូលដ្ឋានរបស់កងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់៕