(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជំរុញឱ្យចិនកុំបញ្ចេញប្រតិកម្មជ្រុលហួសហេតុ ឬប្រើប្រាស់ការឈប់សំចតជាធម្មតារបស់មេដឹកនាំតៃវ៉ាន់ នៅលើទឹកដីអាមេរិក ជាលេសបង្កើនការដាក់សម្ពាធលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានលើកឡើងថាដំណើរទស្សនកិច្ចឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន គ្រាន់តែជា ដំណើរឆ្លងកាត់ធម្មតាមួយតែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋប្រជាមានិតចិន មិនគួរប្រើប្រាស់ការឈប់សំចតនេះជាលេសដើម្បីបង្កើនសកម្មភាព ណាមួយនៅជុំវិញតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ...យើងដឹងច្បាស់ថាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុងតានតឹង ប៉ុន្តែយើងនៅតែជំរុញឱ្យទីក្រុងប៉េកាំងបន្តបើកចំហបណ្ដាញ ទំនាក់ទំនង»។

គួរបញ្ជាក់ថា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសក្វាតេម៉ាឡា និងបេលី ក្នុងតំបន់អាមេរិកកណ្ដាល ដោយចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍នេះ លោកស្រី សៃ អ៉ីងវិន មានគម្រោងឈប់សំចត នៅក្នុងទីក្រុងញូវយ៉ក និងទីក្រុង ឡូស អាន់ជែលឡែស ហើយគ្រោងត្រឡប់ទៅកាន់ទីក្រុងតៃប៉ិ វិញនៅថ្ងៃទី៧ ខែមេសា។ នៅឯទីក្រុង ឡូស អាន់ជែលឡែស លោកស្រី សៃ ត្រូវបានគេរំពឹង ថានឹងជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី។ ប៉ុន្តែ ចិនបានព្រមានថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើជំនួបនេះកើតឡើងមែននោះ៕