(តេហ្គូស៉ីហ្កាល់ប៉ា)៖ ក្រសួងការបរទេសនៃប្រទេសហុងឌូរ៉ាស បានឱ្យដឹងថាលោកស្រីប្រធានាធិបតី ហ្ស៉ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខ ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

ការប្រកាសខាងលើនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហុងឌូរ៉ាសបានផ្ដាច់ទំនាក់ទំនងការទូតនឹងរាប់ទសវត្សរ៍នឹងគ្នា ជាមួយតៃវ៉ាន់ ដើម្បីងាកទៅបង្កើតទំនាក់ទំនងការទូតជាមួយចិន។

គួរបញ្ជាក់ថា ការផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់របស់ហុងឌូរ៉ាស ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាសញ្ញាមួយនៃការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាមេរិកឡាទីន ដែល ធ្វើឱ្យប្រទេសដែលនៅរក្សាទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ នៅសល់តែ១៣ប៉ុណ្ណោះ។ តៃវ៉ាន់បានចោទប្រកាន់ថាហុងឌូរ៉ាស ទាមទារប្រាក់រាប់ពាន់លានដុល្លារ មុននឹងផ្ដាច់ទំនាក់ទំនងទូត ប៉ុន្តែ ខាងហុងឌូរ៉ាសបានដិសេធ រីឯចិនក៏បានអះអាងថាខ្លួនមិនបានដាក់លក្ខខណ្ឌអ្វីលើហុងឌូរ៉ាស ឱ្យមកបង្កើតទំនាក់ទំនងទូតជាប៉េកាំងនោះដែរ៕