(ម៉ានីល)៖ អភិបាលខេត្តម្នាក់ នៅក្នុងប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ស្រឡាងដែលដឹកអ្នកដំណើរ និងនាវិក ២៥០នាក់ បានឆាបឆេះនៅឯកោះមួយរបស់ហ្វីលីពីន ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ១២នាក់បានស្លាប់ ខណៈ៧នាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

លោក ជីម ហាតាមែន (Jim Hataman) អភិបាលខេត្តបាស៉ីឡាន (Basilan) ភាគខាងត្បូងហ្វលីពីន បាននិយាយថា មនុស្សជាច្រើនដែលត្រូវបានជួយសង្គ្រោះ គឺជាអ្នកដែលលោតចុះពី សាឡាងដោយសារតែភ័យស្លន់ស្លោព្រោះភ្លើងឆេះ ហើយត្រូវបានស្រង់ចេញពីសមុទ្រដោយឆ្មាំឆ្នេរសមុទ្រ កងទ័ពជើងទឹក ស្រឡាងផ្សេងទៀត និងអ្នកនេសាទក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែង ស្វែងរក និងជួយសង្គ្រោះកំពុងបន្តរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរកំពុងពិនិត្យតួលេខពីក្រុមជួយសង្គ្រោះផ្សេងៗគ្នា ដោយចំនួនអាចនឹងមានការផ្លាស់ប្តូរ។

គួរបញ្ជាក់ថា ស្រឡាងដឹកអ្នកដំណើរខាងលើ បានធ្វើដំណើរចេញពីទីក្រុងកំពង់ផែហ្សាំប៉ានហ្គា (Zamboanga) ស្ថិតនៅភាគខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងចូឡូ (Jolo) នៃខេត្តស៊ូលូ (Sulu) ហើយស្រាប់តែឆេះនៅកណ្តាលទីក្រុងបាស៉ីឡាន នៅវេលាជិតពាក់កណ្តាលអធ្រាត្រ។ ស្រឡាងដែលឆេះនោះត្រូវបានអូសទៅច្រាំងសមុទ្រ Basilan ហើយការស៊ើបអង្កេតរកមូលហេតុកំពុងដំណើរការ៕