(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី អាចនឹងមកធ្វើទស្សនកិច្ចនៅតួកគី នាចុងខែមេសាខាងមុខនេះ ដើម្បីចូលរួមពិធីសម្ពោធដាក់ឲ្យដំណើរការ នូវម៉ាស៉ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់តួកគី ដែលសាងសង់ដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៉ី រ៉ូសាតូម (Rosatom)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងការប្រកាសមួយ លោក អឺដូហ្កាន់ Erdogan បាននិយាយ តួកគីនឹងបញ្ចូលឥន្ធនៈនុយក្លេអ៊ែរដំបូងចូលទៅក្នុង ម៉ាស៉ីនរ៉េអាក់ទ័រដំបូង នៃរោងចក្រថាមពលនុយក្លេអ៊ែរអាកគូយូ (Akkuyu) ហើយសម្ភោធជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា។ ថ្លែងប្រាប់ទូរទស្សន៍ ATV លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា «នៅថ្ងៃទី២៧ ខែមេសានោះ ប្រហែលជាមានលទ្ធភាពដែល លោក ពូទីន អាចមកកាន់តួកគី ឬក៏យើងរៀបចំពិធីសម្ពោធតាមអនឡាញជាជំហ៊ានដំបូងចេញពីរោងចក្រ Akkuyu នេះតែម្តង»។ យ៉ាងនេះក្តី វិមានក្រឹមឡាំងកាលពីដើមសប្តាហ៍នេះ បានបដិសេធរបាយការណ៍របស់តួកគីដែលថា លោក ពូទីន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីនោះ។

គួរបញ្ជាក់ថា គម្រោងតម្លៃ ២០ពាន់លានដុល្លារ និងទំហំ ៤,៨០០មេហ្គាវ៉ាត់ (MW) ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន៤ សម្រាប់រោចក្រថាមពលអាកគូយូ Akkuyu នឹងអនុញ្ញាតឲ្យតួកគី ចូលជាសមាជិកនៃក្លឹបប្រទេសមួយក្រុមតូច ដែលមានថាមពលនុយក្លេអ៊ែរ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងស៉ីវិល៕