(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្សបាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យដែលលេបត្របាក់ ស្រឡាងដឹកអ្នកដំណើរមួយគ្រឿង នៅភាគខាងត្បូងហ្វីលីពីន បានកើនដល់៣១នាក់ហើយ ក្រោយសាកសពថ្មីៗ ត្រូវបានរកឃើញបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

អភិបាលខេត្តបាស៉ីឡាន (Basilan) លោក ជីម ហាតាម៉ាន់​-សាលីម៉ាន់ (Jim Hataman-Salliman) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ពីដំបូងឡើយ យើងបានកំណត់ត្រាចំនួនអ្នកស្លាប់១៣នាក់ ហើយក្រោយមកក៏បានរកឃើញសាកសពថ្មី ១៨នាក់ទៀត ដូច្នេះឥឡូវតួលេខអ្នក​បាត់បង់ជីវិតបានកើនដល់៣១នាក់»។ ស្រឡាងដែលជួបគ្រោះថ្នាក់ មានគោលដៅធ្វើដំណើរចេញពីទីក្រុងហ្ស៉ាំបូអានហ្កា (Zamboanga) នៅកោះមិនដាណាវ (Mindanao) ឆ្ពោះទៅកាន់កោះចូឡូ (Jolo) ក្នុងខេត្តស៊ូលូ (Sulu) នៅពេលដែលអគ្គិភ័យបានឆាបឆេះឡើង កាលពី​វេលាយប់ថ្ងៃពុធសប្តាហ៍នេះ ដែលជាហេតុនាំឱ្យអ្នកដំណើរនាំគ្នាលោតចូលទឹក ដើម្បីភៀសខ្លួន។

គួរបញ្ជាក់ថា ក្រុមសង្រ្គោះរួមមានទាំងឆ្មាំសមុទ្រហ្វីលីពីននិងអ្នកនេសាទ ជួយសង្រ្គោះបានអ្នកដំណើរ១៩៥នាក់ និងនាវិក៣៥នាក់ ខណៈ​អណ្តាតភ្លើង បានលេបត្របាក់ស្រឡាងនោះ នៅក្បែរកោះបាលូក-បាលូក (Baluk-Baluk) ក្នុងខេត្តបាស៉ីឡាន។ បើតាមលោកអភិបាល​ខេត្តបាស៉ីឡាន អាចនៅមានមនុស្សបាត់ខ្លួនមួយចំនួនទៀត ដ្បិតចំនួនអ្នកដំណើរជាក់ស្តែងនៅលើស្រឡាង លើសពីចំនួន២០៥នាក់ដែល​មាននៅក្នុងបញ្ជីឈ្មោះផ្លូវការ។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕