(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កិច្ចសហប្រតិបត្តិការនាវាមុជទឹកដោយថាមពលនុយក្លេអ៊ែរ រវាងអូស្រ្តាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប្រហែលជាអាចនឹងបង្កឱ្យមានការរត់ប្រណាំងសព្វាវុធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន កឺហ្វៃ (Tan Kefei) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ យ៉ាងដូច្នេះថា «នៅពេលដែលប្រអប់ភេនដូរ៉ា (Pandora's Box) ត្រូវបានបើកហើយនោះ តុល្យភាពយុទ្ធសាស្រ្តនៅក្នុងតំបន់នឹងប្រឈមការរំខាន, សន្តិសុខក្នុងតំបន់នឹងត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ចិនជំទាស់យ៉ាងម៉ឺតម៉ាត់ចំពោះ ការបង្កើតភាពជាដៃគូសន្តិសុខត្រីភាគី រវាង​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ដ្បិតរង្វង់តូចមួយនេះ ដែលគ្របដណ្តប់ទៅដោយផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់ គឺគ្មានបានការនិងគ្រោះថ្នាក់បំផុត។

លោក តាន បានបន្ថែមថា ការបង្កើតកិច្ចសហប្រតិបត្តិការដូចខាងលើ តាមពិតគឺជាការពង្រីកបន្ថែម នូវគោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសមួយៗ​ប៉ុណ្ណោះ និងបម្រើជាឧបករណ៍សម្រាប់កសាងអង្គការណាតូប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក ហើយជះឥទ្ធិពលអាក្រក់ជាខ្លាំងមកលើសុខសន្តិភាពនិងស្ថិរភាពរបស់អាស៉ី-ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា ក្នុងខែមីនានេះ សហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស បានបញ្ចេញខ្លឹមសារលម្អិតនៃផែនការ ដើម្បីផ្តល់ឱ្យអូស្រ្តាលី នូវក្រុមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចាប់ពីខ្ទង់ដើមទសវត្សរ៍ឆ្នាំ២០៣០ ក្រោមគោលដៅទប់ទល់មហិច្ឆតាចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក៕