(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខគូសបញ្ជាក់ជាថ្មីឡើង​វិញថា ទីក្រុងមូស្គូនឹងនៅតែបន្តជូនដំណឹងជាមុនទៅកាន់សហរដ្ឋអាមេរិក អំពីការធ្វើតេស្តនានានៃមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឬមីស៉ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក (SLBM) របស់រុស្ស៉ី បើទោះទីក្រុងមូស្គូបានផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

កាលពីខែកុម្ភៈកន្លងទៅ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីការព្យួរការចូលរួមសន្ធិសញ្ញា New START ដែលត្រូវ​បានចុះហត្ថលេខា កាលពីឆ្នាំ២០១០ ខណៈសន្ធិសញ្ញានោះដាក់កំណត់នូវចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរុស្ស៉ីនិងសហរដ្ឋអាមេរិកអាច​ធ្វើការដាក់ពង្រាយបាន។ ជាការឆ្លើយតប កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏បានប្រកាសថា នឹងបញ្ឈប់ការដោះដូរទិន្នន័យ​មួយចំនួន នៃកងកម្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងមូស្គូ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «វានឹងមិនមានការជូនដំណឹងអ្វីទាំងអស់» នៅពេលត្រូវបានសាកសួរថា តើទីក្រុងមូស្គូ នឹងឈប់ចេញការជូនដំណឹងជាមុន អំពីការធ្វើតេស្តមីស៉ីលបាលិស្ទីគ ដែរឬយ៉ាងណានោះ។ ប៉ុន្តែ​នៅថ្ងៃព្រហស្បតិ៍នេះ លោក រីយ៉ាបកូវ ក៏បានធ្វើការបកស្រាយជាថ្មីថា ទោះព្យួរការចូលរួមសន្ធិសញ្ញា New START ក៏ដោយ រុស្ស៉ីបាន​សន្យាហើយថា នឹងនៅតែបន្តគោរពតាមការកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ហើយក៏នឹងនៅបន្តអនុវត្តកិច្ចព្រមព្រៀងឆ្នាំ១៩៨៨ ស្តីពី​ការជូនដំណឹងឱ្យគ្នាទៅវិញទៅមក ស្តីពីការបាញ់តេស្តមីស៉ីលបាលិស្ទីគផងដែរ៕