(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសប៉ាឡាវ នៅថ្ងៃពុធសប្ដាហ៍នេះ បានឯកភាពគ្នាលើការចាប់ផ្ដើមឡើងវិញនូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្រោមក្រប ខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកការគាំទ្រពីបណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក សំដៅទប់ទល់នឹងការប្រកួតប្រជែងពីសំណាក់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ការឯកភាពគ្នាលើការចាប់ផ្ដើមឡើងវិញនូវកិច្ចព្រមព្រៀង Compact of Free Association agreement ឬហៅកាត់ថា COFA ជាមួយប្រទេសប៉ាឡាវ កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះដែរជាមួយប្រទេសមីក្រូណេស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នៅក្នុងសារមួយបង្ហោះលើ Twitter ការិយាល័យប្រធានាធិបតីប៉ាឡាវ បានគូសបញ្ជាក់ដូច្នេះថា «នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ...ព្រះប្រទានពរដល់ប៉ាឡាវ ព្រះប្រទានពរដល់សហរដ្ឋអាមេរិក ព្រះប្រទានពរដល់យើង ទាំងអស់គ្នា»

ជាមួយគ្នានោះដែរ ប្រេសិតប្រធានាធិបតីលោក ចូ បៃដិន គឺលោក Joseph Yun បានប្រាប់អ្នកសារព័ត៌មាននៅឯពិធីមួយថាកិច្ចព្រមព្រៀងជាមួយប្រទេសប៉ាឡាវ នឹងត្រូវបាន ចុះហត្ថលេខាជាផ្លូវការនៅសប្ដាហ៍ក្រោយ ក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ខណៈកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាក្រូណេស៊ីក៏នឹងត្រូវធ្វើបានចុះហត្ថលេខា ក្នុងពេលជាមួយគ្នានោះដែរ។

គួរបញ្ជាក់ថា លោក ចូ បៃដិន ដំបូងឡើយមានគម្រោងចូលរួមក្នុងពិធិចុះហត្ថលេខាខាងលើដែរ ប៉ុន្តែកាលពីថ្ងៃអង្គារ ខាងសេតវិមានបានឱ្យដឹងថាលោកបានលុបចោល ដំណើរទស្សនកិច្ចឈប់សំចតទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដោយសារតែបញ្ហាបំណុលសាធារណៈក្នុងសហរដ្ឋអាមេរិក។ ក្រុមអ្នកវិភាគខ្លះយល់ថាការសម្រេចចិត្ត នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិកចំពោះសហរដ្ឋអាមេរិក៕