(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប្រាប់បេសកជនពិសេសចិនថាទីក្រុងកៀវ នឹងមិនទទួលយកនូវសំណើណាមួយដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ដោយតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ទុកឱ្យជម្លោះត្រឹមផ្អាកជាបណ្ដោះអាសន្ន នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ធ្វើការកត់សម្គាល់ខាងលើ កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងជំនួបនៅឯទីក្រុងកៀវ ជាមួយលោក លី ហ៊ុយ (Li Hui) ដែលជាបេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី។ បើតាមក្រសួងការបរទេសអ៊ុយក្រែន លោក គូលេបា បានពិភាក្សាជាមួយលោក លី ពីមធ្យោបាយបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី ដោយលោកបានសង្កត់ធ្ងន់ថាអ៊ុយក្រែននឹងមិនទទួលយកសំណើណាមួយដែល តម្រូវឱ្យអ៊ុយក្រែនលះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ត្រឹមតែឈានដល់បទឈប់បាញ់បណ្ដោះអាសន្នជាមួយរុស្ស៉ីនោះទេ។

«ការស្ដារឡើងវិញនូវសន្តិសុខ ក្នុងប្រទេសអ៊ុយក្រែន គឺអាស្រ័យលើការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់ លោក គូលេបា ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងកាបរទេសអ៊ុយក្រែន។ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ថាតើលោក លី បានឆ្លើយតបយ៉ាង ដូចម្ដេចចំពោះការលើកឡើងរបស់លោក គូលេបា នោះឡើយ។

គួរបញ្ជាក់ថា លោក លី ហ៊ុយ បានស្ថិតនៅក្នុងទីក្រុងកៀវ ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ សប្ដាហ៍នេះ ដើម្បីលើកកម្ពស់ និងស្វែងរកការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងប៉េកាំង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕