(សៀងហៃ)៖ ចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ពិន័យលើក្រុមកំប្លែងដ៏ល្បីឈ្មោះមួយក្នុងប្រទេស ឱ្យបង់ប្រាក់ ១៤.៧លានយ័ន ឬស្មើនឹង ២.១៣លានដុល្លារ ដោយចោទប្រកាន់ថាបានបំពុលសង្គម បន្ទាប់ពីការនិយាយលេងសើចពីយោធាជាមួយការលើកពាក្យសោ្លករបស់លោកប្រធានាធិបតី ស៊ី ជិនពីង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រសួងវប្បធម៌ចិន ក្រុមហ៊ុន Shanghai Xiaoguo Culture Media នឹងត្រូវបង់ប្រាក់ពិន័យ ១៣.៣៥លានយ័ន ព្រមទាំងការរឹបអូសប្រាក់ ១.៣៥លានយ័ន ដែលក្រសួងចោទថាក្រុមហ៊ុននេះរកបានដោយខុសច្បាប់ ក្រោយរកឃើញថាលោក លី ហាវស៊ី (Li Haoshi) ដែលជាតារាកំប្លែងម្នាក់មកពីក្រុមហ៊ុន Shanghai Xiaoguo Culture Media បានបំពានច្បាប់។

គួរបញ្ជាក់ថា ការដាក់ពិន័យរបស់រដ្ឋាភិបាលចិន កើតមានឡើងក្រោយលោក លី ហាវស៊ី (Li Haoshi) បានឈរនិយាយកំប្លែងនៅលើឆាក ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយលើកឡើងពីសត្វឆ្កែចិញ្ចឹមពីរក្បាលរបស់លោកដេញតាមប្រមាញ់សត្វកំប្រុកមួយក្បាល។ ប៉ុន្តែ បញ្ហានៅត្រង់ថាលោក លី បានប្រើ ពាក្យស្លោករបស់លោក ស៊ី ជិនពីងដែលនិយាយទៅកាន់យោធារបស់លោក នោះគឺ «ប្រយុទ្ធដើម្បីជ័យជម្នះ កសាងភាពជាគំរូ»។ ចំណែកឯ ក្រុមហ៊ុន Shanghai Xiaoguo Culture Media បានទទួលយកការពិន័យ ហើយក៏បានផ្ដាច់កិច្ចសន្យានៅសល់ជាមួយលោក លី ផងដែរ៕