(តូក្យូ)៖ កិច្ចប្រជុំកំពូលនៃមេដឹកនាំ G7 ទំនងជានឹងត្រូវជជែកដេញដោលលើបញ្ហាប្រឈមជាមួយប្រទេសចំនួនពីរ ដែលបើទោះជាមិនត្រូវបានអញ្ជើញឲ្យចូលរួម ប្រជុំនៅទីក្រុងហ៉ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុនក្នុងសប្តាហ៍នេះក៏ដោយ នោះគឺប្រទេសចិន និងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ក្រុមមន្ត្រីបាននិយាយថា នៅពេលដែលក្បាលម៉ាស៉ីនដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក ជួបប្រជុំគ្នារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងភាគខាងលិចនៃប្រទេសជប៉ុន ពួកគេនឹងត្រូវយកឈ្នះលើភាពខ្វែងគំនិតគ្នាមួយចំនួន ខណៈមានបំណងរៀបចំការរួបរួមគ្នា ដើម្បីប្រឆាំងនឹងបញ្ហាប្រឈមពី ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។ មន្រ្តីជាច្រើនរូបបានប្រាប់ Reuters ថាការបែងចែកតួនាទីគ្នានៅក្នុង G7 ហាក់ដូចជាកត់សម្គាល់ខ្លាំងទៅលើប្រទេសចិន ដោយប្រទេសនានា កំពុងដោះស្រាយនូវអ្វីដែលពួកគេមើលឃើញថា ជាការគំរាមកំហែងរបស់ចិនចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក និងសន្តិសុខសេដ្ឋកិច្ច តាមរបៀបដែលមិនធ្វើឲ្យប៉ះពាល់ដល់ភាពជាដៃគូនៃទំនាក់ទំនងពាណិជ្ជកម្ម។

បើតាមលោក ណារុស៉ីហ្កេ មីឈីស៉ីតា (Narushige Michishita) សាស្ត្រាចារ្យមកពីវិទ្យាស្ថាន National Graduate Institute for Policy Studies (GRIPS) នៃទីក្រុងតូក្យូ របៀបដែល G7 នឹងដោះស្រាយលើ «ការប្រកួតប្រជែងអំណាច» គឺជាបញ្ហាសំខាន់សម្រាប់កិច្ចប្រជុំកំពូលនេះ។ ពួកគេត្រូវតែដោះស្រាយកត្តាសន្តិសុខ សេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកបច្ចេកវិទ្យាដ៏រសើប ដែលជាផ្នែកមួយនៃការប្រកួតប្រជែងអំណាចដែលកំពុងកើតឡើង រវាងសហរដ្ឋអាមេរិក និងរុស្ស៉ី និងរវាងសហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ថា ក្រុមប្រទេស G7 ដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៉ីតាលី សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធផ្នែក សេដ្ឋកិច្ចជាមួយចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក និងជាមូលដ្ឋានផលិតកម្ម ក៏ដូចជាទីផ្សារពិភពលោកដ៏សំខាន់៕