(ស៊ីដនី)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ (១៨ ឧសភា) បានជំរុញឱ្យទីក្រុងកង់បេរ៉ា បង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដើម្បីជួយស្វែងរកអ្នកនេសាទចំនួន ៣៩នាក់ ដែលបាត់ខ្លួនដោយសារកប៉ាល់នេសាទរបស់ចិនមួយគ្រឿង បានលិចក្នុងមហាសមុទ្រឥណ្ឌាកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីចិន លោក Xi Jinping បានបញ្ជាឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថិភាពដើម្បីស្វែងរកនាវិកដែលបាត់ខ្លួន ដែលក្នុងនោះរួមមានទាំងជនជាតិចិន ១៧នាក់ ឥណ្ឌូនេស៊ី ១៧នាក់ និងហ្វីលីពីន ៥នាក់ ។

ឯកអគ្គរដ្ឋទូតចិន លោក Xiao Qian បានថ្លែងក្នុងសន្និសីទសាព័ត៌មានមួយថា «វាស្ថិតនៅក្នុងតំបន់ស្វែងរក និងជួយសង្គ្រោះរបស់អូស្ត្រាលី... យើងសង្ឃឹមថា សហការីអូស្ត្រាលីរបស់យើងនឹងសម្របសម្រួលជាមួយនាវា ឬនាវាអន្តរជាតិ ឬបរទេសផ្សេងទៀតនៅជិតតំបន់នេះ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»

ទន្ទឹមនឹងនោះ លោក Xiao ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរអូស្ត្រាលីដែលបានបញ្ជូនយន្តហោះចំនួន ៣គ្រឿង និងនាវាចំនួន ៤គ្រឿងទៅកាន់តំបន់នោះ ដែលមានចម្ងាយប្រហែល ៥,០០០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស។

លោកឯកអគ្គរដ្ឋទូតបាននិយាយទៀតថា «វាគឺជាក្តីសង្ឃឹមរបស់ខ្ញុំដែលកិច្ចខិតខំប្រឹងប្រែងនឹងមិនត្រឹមតែបន្ត... ប៉ុន្តែក៏នឹងត្រូវបានពង្រឹងថែមទៀតផងដែរ»។

លោក​បន្ត​ថា ទូក​នេសាទ​ដែល​ក្រឡាប់​ត្រូវ​បាន​រក​ឃើញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះគេនៅ​មិនទាន់រកឃើញអ្នករស់រាន​មាន​ជីវិតនៅ​ឡើយ​ទេ ខណៈប្រទេសចិនកំពុងសម្របសម្រួលជាមួយប្រទេសមួយចំនួន រួមទាំងឥណ្ឌូនេស៊ី ស្រីលង្កា និងម៉ាល់ឌីវ ក្នុងបេសកកម្មជួយសង្គ្រោះនេះ។

គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា កប៉ាល់នេសាទទឹកឆ្ងាយ ឈ្មោះថា Lupeng Yuanyu 028 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុននេសាទរបស់ចិនមួយ ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shandong បានលិចនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ ទោះជាយ៉ាងណាគេ​មិន​ទាន់​ដឹងអំពីមូលហេតុដែលនាំឱ្យលិចនេះទេ៕