(តូក្យូ)៖ បណ្តាមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យជឿនលឿនរបស់ពិភពលោក គ្រោងនឹងបញ្ចេញទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី ខណៈកំពុងជួបគ្នាសម្រាប់កិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៉ីម៉ា របស់ប្រទេសជប៉ុន ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យទីក្រុងមូស្គូទទួលខុសត្រូវចំពោះអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) និងមេដឹកនាំផ្សេងទៀតរបស់ G7 ដែលរួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង អ៉ីតាលី និងកាណាដា ត្រូវទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាពហ៉ីរ៉ូស៉ីម៉ា ជាទីក្រុងដែលធ្លាប់រងនូវការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទីពីរ។ ក្រោយមក មេដឹកនាំទាំងអស់ត្រូវបានគេរំពឹងថា នឹងប្រកាសដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៉ី និងដាក់ចេញនូវយុទ្ធសាស្ត្រជជែកដេញដោល ជុំវិញសង្រ្គាមអ៊ុយក្រែនដែលមានរយៈពេលជាងមួយឆ្នាំទៅហើយ ហើយគ្មានសញ្ញានៃការបិទបញ្ចប់នោះ។ រីឯក្រុមមន្ត្រីកំពុងធ្វើការដើម្បីឈានទៅសម្រេចបាន នូវសេចក្តីប្រកាសចុងក្រោយស្តីពីរុស្ស៉ី ក៏ដូចជាជជែកវែកញែកលើការកំណត់និយមន័យច្បាស់លាស់អំពីប្រទេសចិន។

គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងដំបូងគេដែលស្គាល់រសជាតិអាវុធនុយក្លេអ៊ែរ។ ជារឿយៗទីក្រុងមូស្គូថា ត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ប្រសិនបើចាំបាច់។ លោក គីស៉ិដា និយាយថា មូលហេតុដែលលោកជ្រើសរើសទីក្រុងសម្រាប់កិច្ចប្រជុំកំពូល គឺដើម្បីផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងអាវុធ៕