(តូក្យូ)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា កងទ័ពជើងទឹកចក្រភពអង់គ្លេស នឹងចល័តនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង រួមជាមួយក្រុមនាវាយោធាអមដំណើរមកកាន់ តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃការពង្រឹង ចំណងទាក់ទងផ្នែកការពារជាតិជាមួយជប៉ុន និងបណ្តាប្រទេសដទៃទៀតនៅក្នុង​តំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ការប្រកាសខាងលើនេះធ្វើឡើង ស្របពេលដែលលោក ស៊ូណាក់ ហើយនិងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទូលំទូលាយមួយ ហៅថា Hiroshima Accord ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការចាប់តាំងពីសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ រហូតដល់បច្ចេកវិទ្យា មុនកិច្ចប្រជុំកំពូលរវាង​មេដឹកនាំក្រុមប្រទេស G7 នៅទីក្រុងហ៉ីរ៉ូស៉ីម៉ា។ កិច្ចព្រមព្រៀងនេះ គឺជាសកម្មភាពថ្មីចុងក្រោយរបស់ចក្រភពអង់គ្លេស ក្នុងការផ្តោតយុទ្ធសាស្រ្តសេដ្ឋកិច្ច និងការពារជាតិរបស់ខ្លួន មករកឥណ្ឌូ-ប៉ាស៉ីហ្វិក ចំគ្រាដែលឥទ្ធិពលរបស់ចិនកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា វានឹងជាលើកទី២ហើយ ដែលចក្រភពអង់គ្លេសបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួន មកកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ អង់គ្លេសមាននាវាផ្ទុកយន្តហោះចម្បាំង ចំនួន២គ្រឿង គឺ HMS Queen Elizabeth និង HMS Prince of Wales។ ទីក្រុងឡុងដ៍​បានចល័តនាវាផ្ទុកយន្តហោះចម្បាំង HMS Queen Elizabeth មកកាន់តំបន់នេះជាលើកដំបូង កាលពីឆ្នាំ២០២១៕